សារព័ត៌មានដ៏ល្បីរបស់រុស្សី (RT) ងាកមកចាប់អារម្មណ៍ពីសម្ពាធនយោបាយនៅកម្ពុជា ដោយកាលពីថ្ងៃពុធម្សិលមិញនេះ បានចុះផ្សាយថា រដ្ឋាភិបាលក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងដាក់គ្នា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យអង្គការ ដែលគាំទ្រដោយ USAID បញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសខ្មែរ។
ក្នុងអត្ថបទសារព័ត៌មានដដែលនោះបាននិយាយទៀតថា នៅក្នុងជម្លោះចុងក្រោយនេះ បានកើនឡើងដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានោះ RT ក៏បានដកស្រងខ្លឹមសារលិខិតបើកចំហមួយ របស់រដ្ឋាភិបាលកម្ពុជា ចេញថ្ងៃទី២៣ សីហា ដែលចុះផ្សាយដោយ សារព័ត៌មាន Reuters យ៉ាងដូច្នេះថា "យើងចង់បញ្ជូនសារមួយម្ដងទៀតទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកថា យើងអាចការពារអធិបតេយ្យភាពជាតិរបស់យើង ដោយខ្លួនឯងបានហើយ និងប្រជាជនកម្ពុជាដឹងយ៉ាងច្បាស់ពីអ្វីដែលជាដំណើរការប្រជាធិបតេយ្យ អ្នកមិនចាំបាច់ប្រាប់យើងថា វាជាអ្វីនោះទេ" ៕

