
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអរគុណដល់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបណ្ដេញមន្ត្រីទូតអាមេរិកចំនួន ៧៥៥នាក់ ចេញពីប្រទេសដោយលោកយល់ថា ការចាត់វិធាននេះ នឹងជួយឲ្យសហរដ្ឋអាមេរិកកាត់បន្ថយការចំណាយថវិកាជាតិ។ នេះបើយោងសារព័ត៌មាន Reuters បានចុះផ្សាយនាព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានថ្លែងពីទីលានវាយកូនហ្គោល Bedminster រដ្ឋ New Jersey ថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ធ្លាក់ចុះដុនដាបបំផុត គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ លោកបន្តទៀតថា "ខ្ញុំពិតជាអរគុណ គាត់ (លោក ពូទីន) ណាស់សម្រាប់ការកាត់បន្ថយបុគ្គលិកទូតអាមេរិកក្នុងចំនួនដ៏ច្រើន ពីព្រោះវានឹងជួយឲ្យយើងអាចសន្សំសំចៃការចំណាយប្រាក់ខែ លើមន្ត្រីទូតអាមេរិកទាំងនេះ... ហើយម្យ៉ាងវិញទៀតនោះ វាក៏គ្មានហេតុផលច្បាស់លាស់សម្រាប់ពួកគេត្រឡប់ទៅវិញដែរ"។

គួររម្លឹកផងដែរថា លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ក្នុងចំណោមមន្ត្រីស្ថានទូត និងស្ថានកុងស៊ុលអាមេរិកប្រចាំរុស្ស៊ី ១,២០០នាក់ ចេញពីប្រទេស គិតត្រឹមខែកញ្ញាខាងមុខនេះ គឺជាការសងសឹកទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញសំណុំរឿងចោទប្រកាន់ក្នុងការលូកដៃចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕
