
រាជធានីភ្នំពេញ៖ ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសជប៉ុន ប្រមុខរដ្ឋាភិបាលកម្ពុជា គ្រោងនិងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុនShinzo Abe ក្នុងការពិភាក្សាអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការសម្តេចតេជោ។
គម្រោងពិភាក្សានេះ គឺគ្រោងនឹងលើឡើងក្នុងកិច្ចប្រជុំកំពូលរវាងប្រមុខថ្នាក់ដឹកនាំទាំងពីរ មុននឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារចំនួនពីរគឺ ទី១.ការផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹក ប្រាក់សរុប ប្រមាណ ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងការធ្វើឲ្យប្រសើរ ឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ និង ទី២.ការផ្តល់ឥណទានសម្បទានប្រមាណ$២០៩លានដុល្លារ សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុង តឺន័រថ្មីរបស់កំពង់ផែនស្វ័យ័តក្រុងព្រះសីហនុ។
យ៉ាងណាមិញលទ្ធផលនៃគម្រោងស្នើរពិភាក្សាអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ គេមិនទាន់ដឹងនៅឡើយទេ បន្ទាប់កិច្ចប្រជុំកំពូលរវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបញ្ចប់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ។
សូមបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោពេលនេះ គឺដើម្បីរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរអោយកាន់តែស្អិតរមួត និងដើម្បីជំរុញនិងបង្កើនទំហំពាណិជ្ជកម្មអោយកាន់តែខ្លាំងឡើង ស្របពេលដែលឆ្នាំនេះ២០១៧នេះគឺជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរដែលកាលពីឆ្នាំ ១៩៥៧ អតីតនាយករដ្ឋមន្រ្តីនិងជាជីតារបស់លោកShinzo Abe បានបំពេញទស្សនកិច្ចផ្លូវការលើកដំបូកមកកម្ពុជា។