Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ គួរឲ្យសង្វេគណាស់ ខណៈស្រុកចំនួន២ នៅក្នុងខេត្តស្វាយរៀង ត្រឹមតែ១ថ្ងៃសោះ មានករណីក្មេងលង់ទឹកស្លាប់រហូតដល់ទៅ៤នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកចន្រ្ទា និងស្រុករំដួល។

ពាក់ព័ន្ធនឹងករណីខាងលើ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា មានករណីក្មេងប្រុស២នាក់លង់ទឹកស្លាប់ ខណៈដើតាមជីតាទៅមើលគោនៅក្បែរព្រែកខាងក្រោយផ្ទះ ហើយក្មេងប្រុសទាំង២នាក់នោះ ក៏ចុះទៅដោះមង បណ្តាលឲ្យលង់ស្លាប់តែម្តង។

ប្រភពបន្តថា ក្មេងរងគ្រោះ ទី១.ឈ្មោះ ក្រូច សាម៉ុត អាយុ១១ឆ្នាំ និងទី២.ឈ្មោះ សុខ ពិឆៃ អាយុ១០ឆ្នាំ ក្មេងប្រុសទាំង២នាក់នេះ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា លុះវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃដដែល នៅចំណុចភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល មានក្មេង២នាក់បន្ថែមទៀត បានទៅលេងទឹកស្រះខាងក្រោយផ្ទះរបស់ខ្លួន បណ្ដាលឲ្យលង់ស្លាប់ភ្លាមៗដោយមិនមាននរណាអាចជួយសង្គ្រោះទាន់ពេលវេលាបាន។

ប្រភពខាងលើឲ្យដឹងបន្ថែមថា ក្មេងទាំង២នាក់ដែលលង់ទឹកស្លាប់ជាបងប្អូនបង្កើតនឹងគ្នា ដែលទី១.ឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៨ឆ្នាំ និងទី២.ឈ្មោះ សេក នីសិដ្ឋ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន សាកសពក្មេងប្រុសទាំង៤នាក់នោះ ក្រោយពីចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមសភាពគួរឲ្យសង្វេគពន់ពេកណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor