
ប្រទេសជប៉ុន បានធ្វើសមយុទ្ធប្រឆាំងមីស៊ីលជាបន្តបន្ទាប់ នៅឯមូលដ្ឋានអាកាសអាម៉េរិក នៅភាគខាងជើងតំបន់ Tohoku ខណៈភាពតានតឹងកើនឡើងជាមួយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
មេបញ្ជាការរងមូលដ្ឋានលោក Yoshichika Kawahiro បាននិយាយថា នេះជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដែលធ្វើសមយុទ្ធរួមគ្នា នៅមូលដ្ឋានអាកាសអាម៉េរិក Misawa ខេត្ត Aomori ដែលមានទាហានចំនួន ៣០នាក់ និងប្រព័ន្ធស្ទាក់មីស៊ីល Patriot Advanced Capability-3 (PAC-3) មានសមត្ថភាពស្ទាក់ចាប់មីស៊ីលរយៈខ្លី និងមធ្យម។
គោលបំណងនៃសមយុទ្ធនេះ គឺជំរុញកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារ ដែលមានសក្ដានុពល ដោយកូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រុងព្យុងយ៉ាង បានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន ដែលជាអាវុធដ៏មានឥទ្ធិពលបំផុត និងសមត្ថភាពធំជាង ១០ដងនៃគ្រាប់បែក ដែលទម្លាក់នៅជប៉ុនក្នុងឆ្នាំ ១៩៤៥ ទៅទៀត៕