
បើយោងតាមគេហទំព័រសារព័ត៌មាន Reuters បានចុះផ្សាយនារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា អំពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងបានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។
Reuters បានចុះផ្សាយនូវសម្ដីឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt ថា "អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលសហរដ្ឋអាមេរិក បានទទួលរងការចោទប្រកាន់ ដោយមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន"។ សហរដ្ឋអាមេរិក បានឆ្លើយតបដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី ០៣ ខែកញ្ញា ដែលត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ និងរៀបចំផែនការជាមួយសហរដ្ឋអាមេរិក ដើម្បីយកអំណាចពីនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែល គ្រប់គ្រងកម្ពុជាអស់រយៈ ៣០ឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ដែរថាសារព័ត៌មានខាងលើបានផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ដោយលើកចំៗឈ្មោះតែម្ដងថា លោក ហ៊ុនសែន បច្ចុប្បន្នគឺមានសម្ព័ន្ធមិត្តក្នុងតំបន់ជិតបំផុតជាមួយប្រទេសចិន ដោយបានបង្កើនវោហារសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក រួមជាមួយការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នករិះគន់ដទៃទៀត មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅឆ្នាំក្រោយនេះ៕
