
ឃើញរូបភាពខាងក្រៅតារាចម្រៀង និងសម្ដែង រតនៈ ពីសី ឧស្សាហ៍បង្ហាញការស្លៀកពាក់សិចស៊ី និងស៊ីវិល័យ ដែលមើលទៅហាក់ស្ដែងឲ្យឃើញថា នាងជាអ្នកមានជីវភាពធូរធារ ប៉ុន្តែធាតុពិតកញ្ញាមានលទ្ធភាពត្រឹមតែនៅផ្ទះជួលទេ។ ជាក់ស្ដែងពេលនេះនាងចង់ទិញផ្ទះមួយល្វែងបំពេញបំណងម្ដាយចាស់ជរាឲ្យគាត់ស្ងប់ចិត្ត តែគ្មានលទ្ធភាព រហូតបានពោលពាក្យថាទឹកចិត្តកតញ្ញូនេះអ្នកយល់ ?
រតនៈ ពិសី បានប្រាប់ថា តែងពីមុន និងពេលចូលប្រឡូកអាជីពសិល្បៈ មកដល់ឆ្នាំនេះ នាងមានលទ្ធភាពត្រឹមនៅផ្ទះជួលទេ តែនាងអ្នកសិល្បៈ គឺត្រូវតែងខ្លួនបែបអ្នកសិល្បៈ គឺមើលទៅហាក់ដូចនាងជាអ្នកមានទ្រព្យនឹងគេដែរ តែធាតុពិតនាងមិនទាន់មានជីវភាពធូរធារដូចគេទេ ព្រោះអាជីពសិល្បៈទោះជាបានបង្ហាញវត្តមានច្រើន តែចំណូលមិនអាចធ្វើជាអ្នកមានបានទេ គឺបានត្រឹមម៉ារួចខ្លួនប៉ុណ្ណោះ ។
តារារូបនេះបន្តថា ក្នុងមួយជីវិតនេះនាងបានសច្ចាខ្លួនឯងថា ត្រូវតែរកលុយទិញផ្ទះជូនម្ដាយរស់នៅឲ្យបានសុខស្រួល តែពេលនេះនាងមិនទាន់មានលទ្ធភាព ហើយម្ដាយនាងក៏មានវ័យកាន់តែចាស់ជរាណាស់ទៅហើយ ទើបនាងខ្វល់ចិត្ត រកគិតមិនយល់ថាត្រូវធ្វើយ៉ាងណា ទើបមានលទ្ធភាពបំពេញតាមបំណងម្ដាយ។ កញ្ញាបន្តថា ក្ដីស្រឡាញ់របស់នាងចំពោះម្ដាយគឺធំធេងណាស់ ព្រោះនាងមានតែម្ដាយទេ ហើយគាត់ធ្លាប់រ៉ាប់រងការងារលំបាកជាច្រើន ដើម្បីរកលុយចិញ្ចឹមនាងដល់ធំ តែពេលនាងធំឡើងនៅមិនទាន់អាចជួយឲ្យគាត់ស្ងប់ចិត្តបាន៕
