
កំពង់ឆ្នាំងៈ ទូរស័ព្ទដៃគ្រប់ប្រភេទមួយទូ ត្រូវបានចោរហែកដំបូល ចូលយកអស់ខណៈ ម្ចាស់កំពុងដេកលក់យ៉ាងសុខស្រួល។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះដូលុយ និងលក់ទូរស័ព្ទមួយកន្លែងយីហោ ទីតូសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះលក់ទូរស័ព្ទ និងមានដូរលុយខាងលើនេះ ត្រូវបានចោរហែកដំបូលផ្ទះ ចូលប្រមូលយកទូរស័ព្ទដែលដាក់នៅទូអស់ ខណៈដែលម្ចាស់ផ្ទះកំពុងតែដេកលក់។ លុះព្រឹកឡើងទើបដឹងថា បាត់អស់ទូរស័ព្ទអស់គ្មានសល់ និងមានការភ្ញាក់ផ្អើលឆោឡោឡើងហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីស្រាវជ្រាវតែម្តង។
ប្រភពខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានទៅទិញទំនិញជាច្រើន ពីកន្លែងប្រគុំតន្រី និងបានឲ្យមនុស្សចំឡែកជួយយកឥវ៉ាន់ចូលទៅក្នុងផ្ទះ។ លុះព្រឹកឡើង ស្រាប់តែបាត់ទូរស័ព្ទអស់ពីក្នុងទូ និងនៅខាងលើផ្ទះមានរបើកដំបូល។
ក្រោយពេលកើតហេតុ ទាំងសមត្ថកិច្ចនគរបាលស្រុក និងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ចុះទៅត្រួតពិនិត្យ ស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ឃើញថា មានជនសង្ស័យម្នាក់ តែមើលមិនច្បាស់។ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងកំពុងស្ថិតក្នុងការសាកសួស្រាវជ្រាវថាអាចមានជាប់ពាក់ព័ន្ធករណីខាងលើដែរឬអត់។
ពាក់ព័ន្ធករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាចមានការព្រួយបារម្មណ៍នឹងសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងសំណូមពដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងនគរបាល ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ធ្វើយ៉ាងណាបង្កើនចលនាភូមិ-ឃុំមានសុវត្ថិភាពឲ្យបានរឹងមាំបន្ថែមទៀត៕






