
ព្រះសីហនុៈ ធ្វើបុណ្យ បុណ្យមិនជួយ ស្រ្តីម្នាក់ចេញមកពីវត្តបែរជាជួបរឿងអកុសល ធ្លាក់ពីលើគោយន្តស្លាប់យ៉ាងអាណោចអាធ័ម នឹងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ មានគោយន្ដកន្ត្រៃ១គ្រឿង បើកបរដោយឈ្មោះ ម៉ាន់ ចិន ភេទប្រុស មុខរបរ ដុតធ្យូង មានទីលំនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកអ្នកដំណើរចំនួន១០នាក់ ត្រឡប់មកពីវត្តអូរត្រជាក់ចិត្ត ឆ្ពោះទៅផ្ទះវិញ នៅភូមិឬទ្ធី២ លុះដល់ចំណុចខាងលើផ្លូវចុះចំណោទ និងផ្លូវរថភ្លើងឆ្លងកាត់ គោយន្ដក៏បានធ្លាក់ផ្លូវ បណ្ដាលឲ្យស្រ្តីអ្នករួមដំណើរ២នាក់ ធ្លាក់ពីលើគោយន្ត ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ ឈ្មោះ ឌុល ចន ភេទ ស្រីអាយុ៥៤ឆ្នាំ និងអ្នករងរបួសមានឈ្មោះ អ៊ូ ស៊ីផា ភេទស្រី អាយុ៥៥ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឬទ្ធី២ ដូចអ្នកបើកបរដែរ។
ក្រោយកើតហេតុ អ្នកបើកគោយន្ដ គេចខ្លួនបាត់រីឯគោយន្ដខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំដោះស្រាយពេលក្រោយ៕


