
ថ្មីនេះៗតារាសម្ដែង និងម៉ូដែលកញ្ញា ខេខេ ទើបតែបើកហាងលក់សំលៀកបំពាក់មួយកន្លែងឈ្មោះ K Collections នៅជិតផ្សារស្ទឹងមានជ័យ ហើយប៉ុន្មានថ្ងៃនេះធ្លាយចេញព័ត៌មានពីប្រភពជិតដិតជាមួយកញ្ញាបានបង្ហើបថា ទុនបើកហាងថ្មីរបស់ ខេខេ មានបុរសម្នាក់ជាអ្នកឧបត្ថម្ភ។ ព័ត៌មាននេះ ខេខេ ទទួលស្គាល់តែកញ្ញាមិនបញ្ជាក់អត្តសញ្ញាណបុរសអាថ៌កំបាំងម្នាក់នេះទេ។
ហាងលក់សំលៀកបំពាក់របស់ កញ្ញា ខេខេ ដ្បិតតែមិនមានលក្ខណៈស្តង់ដារ ដែលត្រូវប្រើទុនរាប់ម៉ឺនដុល្លារក្ដី តែហាងរបស់នាង ក៏ជាប់ទាក់ទាមនឹងព័ត៌មានស្នេហាភ្លាមៗផងដែរ ខណៈដែលការមុខរបររកស៊ីលើកដំបូងរបស់នាង ផុសចេញដំណឹងថា មានបុរសអ្នកមាន និងចិត្តធម៌ម្នាក់បានចូលខ្លួនធ្វើជាម្ចាស់ស្ពនស័រ គ្រប់យ៉ាង ហើយកញ្ញាហាក់មិនមានចេតនាលាក់បាំងរឿងទាំងនេះ។
ខេខេ បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube មុននេះថា ហាងលក់សំលៀកបំពាក់របស់នាងពិតជាមានការជួយជ្រោមជ្រែងពីបុរសម្នាក់ពិតមែន តែនាងសុំមិនទាន់បង្ហាញអត្តសញ្ញាណបុរសម្នាក់ទេ ព្រោះមិនទាន់ដល់ពេល។ ទទួលបានការបញ្ជាក់ត្រឹមនេះយើងក៏បានសួរពីមូលហេតុអ្វី ដែលកញ្ញាមិនហ៊ានបង្ហាញមុខគូស្នេហ៍ តើមានរឿងអ្វីអាថ៌កំបាំងនៅក្រោយមែនទេ ? សំណួរនេះត្រូវបានកញ្ញា ខេខេ ប្រាប់ថា "គាត់គ្មានជាប់ពាក់ព័ន្ធជាមួយអ្នកណាទេ គឺគាត់នៅទំនេរស្អាត តែទំនាក់ទំនងយើងមិនទាន់ដល់ពេលបង្ហាញ គឺរឿងធំមានតែប៉ុណ្ណឹង"៕

