
ចូល ហង្សមាស ប្រមាណជាបួនខែនេះ ទោះបីជា សុខ ស្រីនាង មានបទចម្រៀងចេញលើទីផ្សារបាន៦បទ និងមានបទចម្រៀងត្រៀមចេញប្រមាណជាជិត១០បទផ្សេងទៀត ដែលជាលទ្ធផលបង្ហាញថា ទ្រនំថ្មីនាងទទួលបានការផ្គាប់ចិត្តក្ដី ប៉ុន្តែនិយាយពីសេរីភាពនៅ ហង្សមាស របស់តារាស្រីរូបនេះមិនសូវមានដូចនៅ សាន់ដេ ទេ ពោលគឺមុនធ្វើអ្វីមួយក៏ត្រូវតែមានការឆ្លងកាត់ពីខាងក្រុមហ៊ុនដែរ។
តារាស្រីដែលទើបងើបកេរ្តិ៍ឈ្មោះ សុខ ស្រីនាង ត្រូវបានមតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ពេលនាងឈានជើងចេញពី សាន់ដេ ទៅជ្រកក្រោមដំបូល ហង្សមាស ប្រិយភាពនាងហក់ឡើងគួរសម ព្រោះមានបទចម្រៀងចេញបានច្រើនក្នុងរយៈពេលដ៏ខ្លី គឺសុខពីកាលនៅ សាន់ដេ វត្តមាននាងត្រូវគេធីបចោល។ ការមើលឃើញរូបភាពខាងក្រៅនេះដែរ សុខ ស្រីនាង ក៏បានឆ្លើយតបក្នុងន័យស្រដៀងគ្នាថា នៅទ្រនំថ្មីនាងពិតជាមានបទចម្រៀងច្រៀងច្រើន ខុសពីនៅកន្លែងចាស់ ប៉ុន្តែកន្លែងថ្មីនាងមិនសូវអាចធ្វើការងារអីពាក់ព័ន្ធសិល្បៈ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនបានទេ គឺគ្រប់ការងារត្រូវតែឆ្លងកាត់ថ្នាក់ជាមុនសិន។
សុខ ស្រីនាង បន្តថា កុំថាឡើយការងារចេញច្រៀង ឬថតអ្វីផ្សេងៗ សូម្បីតែការងារឆ្លើយតបជាមួយអ្នកសារព័ត៌មាន នាងក៏មិនហ៊ានឆ្លើយតបដែរ បើសិនជាមិនមានការអនុញ្ញាតពីថ្នាក់លើ ដូច្នេះហើយទើបនាងមិនសូវបានឆ្លើយសំណួរអ្នកកាសែត និងមិនសូវមានព័ត៌មានចេញផ្សាយ ដូចកាលនៅ សាន់ដេ ៕
