Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋ២គ្រួសារ ដែលមានរបងជាប់គ្នាបានបើកឆាកប្រយុទ្ធវាយកាប់ចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង្ខាងចំនួន៤នាក់ និងស្រាលម្នាក់ ខណៈម្នាក់ត្រូវប៉ូលិសចាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ចូលទៅវត្តអរុណវតី្ត ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលឲ្យដឹងថា គូទំនាស់ទាំង២គ្រួសារ ភាគីទី១ មានគ្នាចំនួន៣នាក់ ក្នុងនោះ មានទី១ឈ្មោះ កូវ រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ទី២ឈ្មោះ វណ្ណា រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាក្មួយ ដែលទាំង២នាក់នេះ រងរបួសធ្ងន់ធ្ងរ និងទី៣ឈ្មោះ កេត គីមផេង ភេទប្រុស អាយុជាង២០ឆ្នាំ ត្រូវជាក្មួយ ត្រូវប៉ូលិសចាប់ខ្លួន។ ដោយឡែក ភាគីទី២ មានគ្នា៣នាក់ដូចគ្នា ក្នុងនោះ មានទី១ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ សុខ ចាន់ភួង ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់នេះ រងរបួសធ្ងន់ និងទី៣ឈ្មោះ ចក់ បញ្ញា ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ទាំងពីរភាគីនេះ មានទីលំនៅផ្ទះជាប់គ្នា ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តឲ្យដឹងថា គូទំនាស់ទាំងគ្រួសារនេះ ធ្លាប់មានទំនាស់វាយគ្នា និងធ្លាប់បានប្ដឹងផ្ដល់គ្នាដល់ប៉ុស្ដិ៍ត្រពាំងក្រសាំង ម្ដងរួចមកហើយ  ទើបតែចប់ប៉ុណ្ណោះ ហើយពួកគេមិនបានគោរពកិច្ចសន្យាបញ្ចប់រឿង ដែលបានធ្វើនៅប៉ុស្ដិ៍នគរបាលឡើយ។ ពួកគេនៅតែបង្ករឿងទំនាស់វាយកាប់ចាក់គ្នាបែបនេះទៀត។ មិនតែប៉ុណ្ណោះម្ខាងៗ បានប្រកែកយកតែត្រូវរៀងៗខ្លួន ដោយភាគីទី១ បានចោទប្រកាន់ទៅភាគីទី២ថា តែងតែបានបង្ករឿងឈ្លោះទាស់គ្រប់ពេល ហើយនៅមុនពេលបានរករឿង និងប្រើកាំបិតបុ័ងតោកាប់ទៅលើពួកគេមុន បណ្ដាលឲ្យរងរបួសម្នាក់ ដួលដេកនៅក្នុងថ្លុកឈាម ទើបពេលនោះ មានការតបតទៅវិញ បណ្ដាលឲ្យរងរបួសទាំងសង្ខាងតែម្ដង។

ដោយឡែកភាគីទី២ បាននិយាយថា កន្លងមកភាគីទី១ បានតាមវាយពួកគេមុនម្ដងរួចមកហើយ លុះដល់ថ្ងៃកើតហេតុចុងក្រោយនេះ នៅពេលដែលពួកខ្លួនជិះម៉ូតូដល់មុខផ្ទះ និយាយទូរស័ព្ទដោយមិនដឹងខ្លួន ស្រាប់តែភាគីទី១ បានស្រែកជេរ និងរករឿង ទើបមានទំនាស់រហូតវាយកាប់ចាក់គ្នាទៅវិញទៅមកបែបនេះតែម្ដង។

មន្ត្រីនគរបាលបានបន្តថា ភាគីទាំង២ មានផ្ទះជាប់សំយ៉ាបគ្នា ប៉ុន្តែមិនបានយោគយល់គ្នា ហើយតែងបង្កទំនាស់ជាមួយគ្នាជាបន្តបន្ទាប់រហូតឈានដល់ការវាយតប់គ្នាម្ដងរួចមកហើយ។ ជាងនេះទៀត ធ្លាប់បានប្ដឹងផ្ដល់គ្នាដល់ប៉ុស្ដិ៍នគរបាលត្រពាំងក្រសាំង ថែមទៀតផង ប៉ុន្តែបានដោះស្រាយគ្នាចប់រឿងហើយ ប៉ុន្តែគំនុំចាស់នៅតែមិនទាន់រំសាយ ទើបពេលនេះបានកើតឡើងម្ដងទៀត ហើយធ្ងន់ធ្ងរជាមុន។ មិនតែប៉ុណ្ណោះ នៅពេលនគរបាលបាលប៉ុស្ដិ៍ទៅដល់ឃាត់ ហើយក៏ពួកគេមិនស្ដាប់ នៅតែវាយកាប់ចាក់គ្នាទៀត រហូតមានរបួសទាំងសង្ខាងបែបនេះ។

សមត្ថកិច្ចបញ្ជាក់ថា ពេលនេះ សំណុំរឿងនឹងត្រូវបញ្ជូនទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាតែម្ដង លែងដោះស្រាយនៅប៉ុស្ដិ៍ទៀតហើយ។ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅសង្គ្រោះរៀងៗខ្លួន៕

វត្ថុតាង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor