
ព្រះវិហារៈ គួរឲ្យសង្វេគបំផុតដោយយុវតីម្នាក់ ត្រូវបានយុវជនម្នាក់ វាយសម្លាប់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្វើសកម្មភាពរំលោភមិនបានសម្រេច។ យ៉ាងណា ប៉ូលិសបានចាប់ខ្លួនយុវជនជាឃាតកហើយ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញាម្សិលមិញ ក្រោយការប្រទះឃើញសាកសពយុវតីរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនជាឃាតកឈ្មោះ គង់ សំណាង អាយុ១៦ឆ្នាំ។ ចំណែកយុវតីរងគ្រោះឈ្មោះ រឹម ភារី អាយុ១៩ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។ អ្នកទាំងពីរ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាមួយគ្នា។
ប្រភពដដែលបន្តថា បន្ទាប់ពីមានករណីប្រទះឃើញសាកសពយុវតីរងគ្រោះនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវវែកមុខរហូតធ្វើការឃាត់ខ្លួនយុវជនជាឃាតក នៅរសៀលថ្ងៃដដែល។
តាមចម្លើយរបស់យុវជនជាឃាតក បានសារភាពថា ខ្លួនគេពិតជាបានសម្លាប់នារីរងគ្រោះពិតប្រាកដមែន ដោយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ខ្លួនបានបបួលនារីរងគ្រោះទៅកន្លែងកើតហេតុ ស្ថិតនៅចំនុចព្រៃកប់ខ្មោច ក្នុងភូមិឃុំខាងលើ ហើយចាប់បង្ខំនារីរងគ្រោះ ប៉ុន្តែដោយនាងមិនយល់ព្រម បណ្តាលឲ្យមានការប្រតាយប្រតប់គ្នា ហើយជនសង្ស័យភ័យ ព្រោះខ្លួនបានធ្វើឲ្យមានកំហុស ទើបបានយកដំបងឈើដែលនៅក្បែរនោះ បុកចំភ្នែក និងមុខរបស់នារីរងគ្រោះជាច្រើនដំបង។ ដោយខ្លួន(ឃាតក)មិនទុកចិត្ត ខ្លាចនារីរងគ្រោះមិនស្លាប់ គេក៏បានវាយទៅលើនារីរងគ្រោះបន្ថែម រហូតដាច់ខ្យល់ស្លាប់តែម្តង ទើបគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕







