
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា ក្រុមភេរវករអីុស្លាមចំនួន ៤០នាក់ ត្រូវបានសម្លាប់ ខណៈដែលយន្តហោះចម្បាំងរុស្ស៊ី បើកការវាយប្រហារ នៅទីក្រុង Deir ez-Zor ប្រទេសស៊ីរី។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី ((RT) បានចុះផ្សាយនាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
យន្តហោះប្រយុទ្ធធុនធ្ងន់ម៉ាក Su-34 និង Su-35 របស់រុស្ស៊ី ដែលមានមូលដ្ឋានទ័ពអាកាស Khmeimim ក្នុងខេត្ត Latakia ប្រទេសស៊ីរី បានបើកវាយប្រហារមកលើមជ្ឈមណ្ឌលបញ្ជាក្រោមដីរបស់ភេរវករអីុស្លាម ISIS/ISIL ក្បែរទីក្រុង Deir ez-Zor។ ជាលទ្ធផលនៃការវាយប្រហារ តាមអាកាសយ៉ាងហោចណាស់សមាជិក ៤០នាក់ រួមទាំងមេបញ្ជាការបួននាក់ ត្រូវបានសម្លាប់នៅនឹងកន្លែង។

គួរបញ្ជាក់ផងដែរថា ក្រសួងការពារស៊ីរី បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សកម្មភាពដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងទ័ពអាកាសរុស្ស៊ី បានបង្កើនល្បឿនក្នុងការឡោមព័ទ្ធទីក្រុង Deir ez-Zor និងអនុញ្ញាតឲ្យកងទ័ពស៊ីរី ចាប់ផ្ដើមរំដោះទីក្រុងនេះ ដែលគ្រប់គ្រងដោយ ISIS អស់រយៈពេល ៣ឆ្នាំ៕
