ភ្នំពេញៈ ស្ត្រីបានធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ មិនបានសម្រេច ព្រោះម្តាយឃើញទាន់ ប្ដឹងប៉ូលិសប៉ុស្តិ៍គោកឃ្លាង ឲ្យចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បើតាមស្រ្តីឈ្មោះ ជិន សិរីរ័ត្ន អាយុ២៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាម្តាយក្មេងប្រុសរងគ្រោះ) បានឲ្យដឹងថា មុនពេលកើតហេតុគាត់បាននាំកូនប្រុសឈ្មោះ អាន អ៊ីងយាកវ៉ៃ អាយុ៣ឆ្នាំ ដោយមានពាក់ខ្សែកផ្លាកទីន១ខ្សែទម្ងន់១ជី ហើយដើរចូលក្នុងផ្សារឈូកមាសគោលបំណងទិញអីវ៉ាន់ និងទិញម្ហូបពេលដែលកំពុងដើរទិញម្ហូប ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពុងធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់ ភ្លាមនោះគាត់ក៏ស្រែកឆោឡោឡើថា ចោរៗគាប់ជួនកម្លាំងសម្ថកិច្ចដែលកំពុងល្បាតនៅទីនោះ ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
លោក ដួង វណ្ណះ នាយប៉ុស្តិ៍នគរបាលគោកឃ្លាង បានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូនសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បាននាំខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលគោកឃ្លាង ហើយជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែន។
ក្រោយពីសួរដឹងរឿងហើយនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។ ចំណែកខ្សែកផ្លាកទីននោះ បានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ៕




