Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះឯកអគ្គរដ្ឋទូតមួយ ដែលបានលើកឡើងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ធ្វើឲ្យបាត់បង់ត្រីចំនួនប្រមាណជា៧០% ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទទ្វារទឹក ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “មានឯកអគ្គរដ្ឋទូតមួយ បានទៅជួបជាមួយខ្ញុំ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកការទូតរបៀបនេះ មកនិយាយជាមួយយើងទៅរួចដែរ។ គាត់ថា វារីអគ្គិសនីសេសាន ធ្វើឲ្យប៉ះពាល់ត្រីចំនួន៧០% គាត់និយាយអស់ហើយ បានជាខ្ញុំសួរថា ជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ត្រីយើងខ្ញុំចេះឡើងដើមឈើ ទៅរស់នៅទីនោះ

សម្ដេចបន្ដថា  ត្រីនៅកម្ពុជារស់នៅក្នុងទន្លេសាប និងទន្លេមេង្គ ហើយត្រីទាំងនេះ មិនមករស់នៅក្នុងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែងនោះឡើយ។ បើមិនស្គាល់កម្ពុជាច្បាស់ កុំមកនិយាយ។ សម្ដេចថា ត្រូវនាំគ្នាទៅលែងកូនត្រី ចូលទៅក្នុងទំនប់វារីអគ្គិសនីសេសាន ឲ្យបានច្រើនកាន់តែល្អ។

សម្ដេចតេជោ ហ៊ុន សែន ហាមដាច់ខាត់ មិនឲ្យបង្កើតអង្គការមាតាធម្មជាតិនៅកម្ពុជាទៀតទេ  ពីព្រោះពួកគេទាំងនេះ ពូកែដើររករឿងគ្រប់កន្លែង។

សម្ដេចបន្ដថា កម្ពុជាសព្វថ្ងៃកំពុងប្រើប្រាស់អគ្គិសនី ជាង ២,០០០មេហ្កាវ៉ាត់ តម្រូវការអគ្គិសនី នឹងកើនខ្ពស់ទៀត ព្រោះពីមុនការផ្គត់ផ្គង់អគ្គិសនី មានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដោយត្រូវទិញពីប្រទេសជិតខាង ប៉ុន្តែចាប់ពីពេលដំណើរការ វារីអគ្គិសនីពីទីនេះទៅ កម្ពុជាមានបណ្តាញផ្គត់ផ្គង់ខ្លូនឯង ប្រកបដោយស្ថេរភាព និងឯករាជ្យភាព។

សូមរំលឹកថា ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាទំនប់ដែលធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុន៣រួមគ្នាវិនិយោគ លើទឹកប្រាក់ចំនួន ៧៨១,៥២ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះ ក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិ ផងដែរ ។ វារីអគ្គិសនីសេសានក្រោម២ មានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូង នៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor