Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើម្បីរក្សាសោភណ្ឌភាព អនាម័យ និងបរិស្ថាន ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ គេបានឃើញបងប្អូន កម្មករ បំរើការងារសម្អាត និងដឹកជញ្ជូនសំរាម បាននិងកំពុងបន្តការងាររបស់ខ្លួនយ៉ាងមមាញឹក តាមបណ្តាផ្លូវសាធារណៈ និងទីតាំងសំខាន់មួយចំនួន ដូចជា តំបន់ផ្សារដើមគរ ផ្សារនាគមាស និងតាមផ្សារមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។

កម្មករ បម្រើការងារសម្អាត និងដឹកជញ្ជូនសំរាម នៅផ្សារដើមគរ បានឱ្យដឹងថា ពួកគាត់បន្តប្រមូល និងដឹកជញ្ជូនសំរាម ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃបុណ្យនេះ ប៉ុន្តែមានកម្មករខ្លះ គាត់បានសុំឈប់សំរាកពីការងារ ទៅស្រុកកំណើតនៅថ្ងៃទី២០និង២១នេះ ដូច្នេះការប្រមូលនិងដឹកជញ្ជូនសំរាម នៅតំបន់មួយចំនួន នឹងមានការយឺតយ៉ាវ គឺប្រមូលសំរាមមិនទាន់ អាចមានសំរាមគរច្រើន នៅតាមផ្លូវសាធារណៈ ឬ ទីតាំងមួយចំនួនទៀត។ 

កម្មកររូបនេះបន្តថា ពួកគាត់ដែលនៅសល់ទាំងប៉ុន្មាន នឹងបន្តចែកវេនគ្នាសម្អាត នឹងដឹកជញ្ជូន នៅតាមគោលដៅដែលមានសំរាមច្រើន ប៉ុន្តែយ៉ាងណាក៏ពួកគាត់ មិនអាចប្រមូលនឹងដឹកជញ្ជូនសំរាម ទាន់ពេលវេលា និងបានគ្រប់គោលដៅនោះដែរ សុំឱ្យមានការយោគយល់ និងអនុវត្តតាមការជូនដំណឹងរបស់សាលារាជធានីភ្នំពេញផង។

សូមបញ្ជាក់ថា នាឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជាម្ចាស់លំនៅដ្ឋាន អាជីវកម្ម និងសេវាកម្មទាំងអស់ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវរក្សាសំរាមទុកក្នុងក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លួវសាធារណៈ ពីព្រោះ បុគ្គលិក កម្មករ ដែលបំរើការងារសម្អាត នឹងដឹកជញ្ជូនសំរាម មួយចំនួន ត្រូវបានឈប់សំរាកពីការងារ ទៅស្រុកកំណើតចូលរួមបុណ្យភ្ជំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា សេវាសម្អាត និងដឹកជញ្ជូនសំរាម មានភាពរអាក់រអួល និងមិនបានពេញលេញ រយៈ៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៥កញ្ញាខាងមុខ។ សុំឱ្យប្រជាពលរដ្ឋ មានការយោគយល់ និងអធ្យាស្រ័យ ចំពោះការប្រមូលសំរាម ដែលមានការយឺតយ៉ាវ៕

ដោយ ៖ #CAM_POST

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor