កំពង់ស្ពឺ៖ នារីម្នាក់បានទៅលេងទឹក នៅតំបន់រមណីយដ្ឋាន ភ្នំជ្រាវ ហើយត្រូវកម្លាំងទឹកបោកដួលប៉ះនឹងថ្ម បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចតំបន់រមណីយដ្ឋានទឹកធ្លាក់ភ្នំជ្រាវស្ថិតក្នុង ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ។
ជនរងគ្រោះខាងលើមាន ឈ្មោះថា ភឹម ស្រីរី អាយុ ២៣ឆ្នាំ រស់នៅភូមិបាសិត ឃុំពន្សាំង ស្រុកពញ្ញាឮខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះខាងនេះ បានទៅឈរលើថ្មក្នុងទឹកដែលកំពុងហូរត្រឹមភ្លៅ ដើម្បីថតយកទេសភាព ដោយមិនអាចទប់នឹងកម្លាំងទឹកបាន ក៏ត្រូវទឹកបោកដួលប៉ះផ្ទាំងថ្ម បណ្តាលឱ្យឈ្លក់ទឹក និងរងរបួសធ្ងន់ បែបនេះតែម្ដងទៅ។
ក្រោយពីកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានប្រជាការពារនៅទីនោះជួយ និងហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យង្អែកស្រុកឧដុង្គ៕



