សិល្បៈ ៖ ក្រោយពីការដាច់ចិត្តប្រកាសសុំជំនួយដើម្បីបានប្រាក់ទិញចង្ហាន់មុនភ្ជុំទៅវត្ត អតីតតារាចម្រៀងដែលធ្លាប់គ្រងតំណែងតារាស៊ិចស៊ី អ្នកនាង អ៊ុំ គន្ធា ត្រូវបានសប្បុរជន និងសិល្បៈករមួយចំនួន ស្វះស្វែងរកជំនួយរហូតទទួលបានតាមចិត្តចង់បានខ្លះ ធ្វើឲ្យស្បើយអារម្មណ៍មួយគ្រា។
តាមរយៈជំនួយនេះ អ្នកនាង គន្ធា ត្រូវលោក សាវិន ហ្វីលីព និងភរិយា ឆវី រកជំនួញទិញបានម៉ូតូមួយគ្រឿងឲ្យកូនប្រុសជិះទៅរៀន ហើយថែមអំពាវនាវដល់ឧកញ៉ា ហុង ពាវ និងមហាសេដ្ឋីមួយចំនួនទៀត ជួយផ្តល់ទីតាំងឲ្យនាងអាចឈរជើងធ្វើការបានជាប្រចាំជាជាងដើរប្រកាសសុំគេពេលអត់ម្តងៗ។
ជាមួយភាពលំបាកខាងលើនេះ សម្រាប់ លោក ចា រិទ្ធី ដែលជាអ្នកដឹកនាំកម្មវិធីសិល្បៈប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៍មិនបានរំលងដែរ គឺលោកបានសម្រេចផ្តល់ជូនឲ្យតារាកម្សត់រូបនេះ ឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់ នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ចា រិទ្ធី បង្ហោះសារដ៏គួរឲ្យគោរពថា ៖ “សួរស្ដីបងប្អូនជាទីស្រលាញ់ទាំងអស់គ្នា រូបខាងក្រោមនេះ គឺអ្នកនាងអ៊ុំ គន្ធា គឺជាអ្នកចម្រៀងម្នាក់ ដែលកំសត់ ហើយអភ័ព្វបំផុត។ ខ្ញុំបានអញ្ជើញគាត់ឲ្យមកច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យទី24-09-17 ក្នុងកម្មវិធីតន្ត្រីមហាជន ដែលមានផ្សាយផ្ទាល់នៅម៉ោងប្រាំល្ងាច”។
ហើយលោកបាន បន្តទៀត ថា “ដូចនេះ សូមបងប្អូនទាំងអស់ ពិតជាបានជួបនឹង អ៊ុំ គន្ធា សាជាថ្មីនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៏ សូមបងប្អូនរង់ចាំតាមដានទស្សនា និងជួយផ្ដល់កម្លាំងចិត្តដល់អ្នកចម្រៀងអភ័ព្វម្នាក់នេះផង”៕
ទស្សនាគាត់ច្រៀងល្ងាចមិញ នៅនាទីទី ០៨ និង៣០វិនាទី







