
កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងលើដំណោះស្រាយការដាក់ទណ្ឌកម្មថ្មី របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងព្រមានថែមទៀតថា សហរដ្ឋអាមេរិក នឹងបានទទួលការឈឺចាប់យ៉ាងខ្លាំងបំផុត ដែលមិនធ្លាប់ជួបពីមុនមក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន BBC បានចុះផ្សាយនាយប់ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
ក្រោយប្រតិកម្មជាលើកដំបូងទៅនឹងដំណោះស្រាយដាក់ទណ្ឌកម្ម UN ដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទកន្លងទៅនេះ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Han Tae-song បាននិយាយថា កូរ៉េខាងជើងថ្កោលទោសយ៉ាងពេញទំហឹង លើចំណាត់ការដាក់ទណ្ឌកម្ម ដែលខ្លួនចាត់ទុកថា ជាទង្វើខុសច្បាប់នៃក្រុមប្រឹក្សាសន្តិសុខ។
លោក Han បាន គូសបញ្ជាក់នៅសន្និសីទលុបបំបាត់អាវុធរៀបចំឡើងក្នុងទីក្រុងហ្សឺណែវ ថា "រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលចង់ប្រឈមមុខនយោបាយ សេដ្ឋកិច្ច និងយោធា កំពុងប្រឆាំងនឹងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរខ្លួន ដែលឈានដល់ដំណាក់កាលចុងក្រោយទៅហើយ មិនទទួលជោគជ័យនូវឡើយ រីឯវិធានការនៅលើកក្រោយនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក រងការឈឺចាប់យ៉ាងខ្លាំងបំផុត ដែលមិនធ្លាប់ជួបពីមុនមក"។
គួររម្លឹកផងដែរថា រុស្ស៊ី និងចិន បានបញ្ជាក់ឡើងវិញនូវសំណើមួយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ បង្កឲ្យទីក្រុងព្យុងយ៉ាង មានការខកចិត្ត ព្រមទាំងស្នើឲ្យផ្អាកការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក THAAD ជាថ្នូរនឹងការបញ្ចប់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង៕

