Sponsor
អាម៉ាប៉ាប៉ាញ៉ូស

 នៅ​ថ្ងៃ​បិណ្ឌ​ទី​០៧​ នេះ​តារា​ជា​ច្រើន​កំពុង​ខិតខំ​ធ្វើ​ចង្ហាន់​ទៅ​វត្ត​យ៉ាង​សស្រាក់សស្រាំ​ ប៉ុន្តែ​តារា​ម្នាក់​នេះ​វិញ​ មិន​ត្រឹម​គ្មាន​លទ្ធភាព​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ទេ​ គឺ​ថែម​ទាំង​រស់​ដោយ​សារ​ចង្ហាន់​ព្រះសង្ឃ​ ខណៈ​ដែល​រូប​គេ​កំពុង​ដាច់យ៉ៃ​ដល់​កម្រិត​។

លោក ​សុខ ដែន ​គឺ​តារា​សម្ដែង​ច្បាច់​គុន​ និង​ទើប​បាន​ចាប់​អាជីព​ជា​តារា​ចម្រៀង​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​  តែ​អាជីព​សិល្បៈ​ទាំង​ពីរ​របស់​លោក​ នៅ​មិនទាន់​អាច​រក​ចំណូល​ចិញ្ចឹម​ក្រពះ​ឆ្អែត​គ្រប់​ពេល​ឡើយ​ ខណៈ​ដែល​ការងារ​សម្ដែង​ និង​ចម្រៀង​ត្រូវ​ដេក​ផ្ទះ​ជា​ច្រើន​ខែ​មក​។ 

ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក ​តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន ​Kqube​ លោក ​សុខ ដែន ​បាន​ប្រាប់​ថា​ រដូវ​បុណ្យ​ភ្ជុំ​ដាក់​បិណ្ឌ​ដល់​វេន​ទី​០៧ ​នេះ​លោក​ទើប​តែ​ធ្វើ​ចង្ហាន់​ទៅ​វត្ត​បាន​មួយ​វត្ត​ទេ​ គឺ​នៅ​វត្ត​ ទឹក​ថ្លា​ ហើយ​សម្រាប់​ការ​ចំណាយ​លុយ​ទាំង​ធ្វើ​ម្ហូប​ និង​ចូល​បុណ្យ​គឺ​លោក​ទទួល​បាន​ពី​ប្អូន​ធម៌​ម្នាក់​ជា​អ្នក​ជួយ​ផ្ដល់ ​ព្រោះ​គេ​ដឹង​ថា ​លោក​ចង់​ទៅ​វត្ត​តែ​គ្មាន​លទ្ធភាព​។ 

តារា​កំពុង​ដាច់​យ៉ៃ​រូប​នេះ​ទៀត​បន្ត​ថា​ "សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មិន​ត្រឹម​តែ​គ្មាន​លទ្ធភាព​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ទេ​ គឺ​ថែម​ទាំង​រស់​ដោយ​សារ​ ចង្ហាន់​ព្រះសង្ឃ​នៅ​វត្ត​ថែម​ទៀត ​ព្រោះ​រាល់​ថ្ងៃ​នេះ​ខ្ញុំ​តែង​យួរ​ចាន​ស្រាក់​ទៅ​វត្ត​ទួលទំពួង ​តែ​ពេល​​ទៅ​ចានស្រាក់​ខ្ញុំ​គ្មាន​ចង្ហាន់​ទេ ​ទាល់តែ​ពេល​មក​វិញ​ទើប​មាន​ពេញ​ស្រាក់​តែម្ដង​"។ លោក​បន្ត​ថា​ "ខ្ញុំ​មាន​ព្រះសង្ឃ​មួយ​អង្គ​លោក​ស្រឡាញ់​រាប់​អាន​ច្រើន​ឆ្នាំ​មក​ហើយ ​លោក​ដឹង​ច្បាស់​ថា​ខ្ញុំ​ដាច់​យ៉ៃ ​ទើប​លោក​ឲ្យ​ខ្ញុំ​ទៅ​យក​ចង្ហាន់​ ដែល​ប្រជាពលរដ្ឋ​ធ្វើ​ទាន​យក​មក​ញ៉ាំ​រាល់​ថ្ងៃ​ តែ​ពេល​ចប់​ពិធី​បុណ្យ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​រស់​ដោយ​សារ​មី​កញ្ចប់​ទៀត​ហើយ​"។

ទន្ទឹម​ដែល​លោក ​សុខ ដែន​ មាន​ទុក្ខ​នេះ​ដែរ​ លោក​ក៏​មាន​បទ​ចម្រៀង​ថ្មី​ត្រៀម​ចេញ​លើ​ហ្វេសប៊ុក​ទៀត​ដែរ​ តែ​បទ​ថ្មី​នេះ​លោក​មិន​មាន​លទ្ធភាព​ធ្វើ​ទេ ​គឺ​បាន​ប្អូន​ធម៌​ដែល​អ្នក​និពន្ធ​ និង​មាន​ស្ទូឌីយោ​គេ​បាន​ជួយ​ធ្វើ​ឲ្យ​លោក ​ដោយ​មិន​យក​ថវិកា​ឡើយ ​គឺ​គេ​ចង់​ឲ្យ​លោក​មាន​បទចម្រៀង​ឡើង​ឆាក ​ដើម្បី​ទទួល​បាន​ប្រាក់​ដោះ​ទាល់​ បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា​ "ខ្យល់​បក់​ដី​ហុយ​"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor