
ប្រទេសរុស្ស៊ី និងបេឡារូស នឹងធ្វើសមយុទ្ធយោធារួមគ្នា Zapad 2017 នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានទាហានចំនួន ១២.៧០០នាក់មកពីប្រទេសទាំងពីរ។ បើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា សមយុទ្ធយោធារួមគ្នានេះ មានទាហានបេឡារូស ប្រហែល ៧.២០០នាក់ ចំណែកភាគីរុស្ស៊ី ប្រហែល ៥.៥០០នាក់ រួមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៧០គ្រឿង បរិក្ខារយោធា ៦៨០គ្រឿង មានដូចជា រថក្រោះ ២៥០គ្រឿង កាំភ្លើងយន្ត ២០០ដើម នាវាចម្បាំងចំនួន ១០គ្រឿង បូករួមគ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ជាច្រើន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបដិសេធលើការចោទប្រកាន់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Ursula von der Leyen ថា សមាជិកក្រុមណាតូ និងអ៊ុយក្រែន មានការព្រួយបារម្ភអំពីសមយុទ្ធខាងលើនេះ។
ជុំវិញបញ្ហានេះ សមាជិកណាតូ មួយចំនួនដែលស្ថិតនៅភាគខាងកើតទ្វីបអឺរ៉ុប រួមមាន ប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន បានសម្ដែងការព្រួយបារម្ភអំពីសមយុទ្ធនាពេលខាងមុខរវាងរុស្ស៊ី និងបេឡារូស៕

