Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ចុងក្រោយនៅម៉ោង៣រសៀលថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៧នេះបានឲ្យ​ដឹងថា លោកចៅក្រម លី លីបម៉េង បានចុះហត្ថលេខាលើដីកាសម្រេចឃុំខ្លួនម្ចាស់គ្រាប់បែកលាក់ក្រោមកែបម៉ូតូ យកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូ នៅក្នុងមន្ទីរពេទ្យជោរ៉ៃ បង្ក ឱ្យមានការភ្ញាក់ផ្អើល ក្រោមការចោទប្រកាន់ពីបទការដឹកជញ្ជូន ការកាន់កាប់គ្រាប់រំសេវ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ហើយនគរបាលក៏បានបញ្ជូនជនត្រូវចោទទៅកាន់ពន្ធនាគារព្រៃសរួចហើយ ។

ជនសង្ស័យឈ្មោះ ឡូ តារារិទ្ធ ហៅឡូ ត្រូវបានលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញសម្រេចចោទប្រកាន់ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា៤៩០នៃក្រម ព្រហ្មទណ្ឌដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល ។

ជនសង្ស័យមានឈ្មោះ ឡូ តារារិទ្ធ ហៅឡូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានមុខរបរជាបុគ្គលិកក្រុមហ៊ុនអូបា។

ពាក់ព័ន្ធនិងគ្រាប់បែក ដែលរកឃើញនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមការស្រាវជ្រាវជំហានដំបូង មុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែក ទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្តុំត្រែងត្រយឹង កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ អ៊ីចឹងម្ចាស់ម៉ូតូបានដាក់គ្រាប់បែក នៅក្នុងខ្លុបម៉ូតូស្កុបពី ហើយដោយសារប្រញាប់ចូលទៅមើលឪពុកពេលដែលយកម៉ូតូទៅផ្ញើ ក៏មិនបានដកសោម៉ូតូ អញ្ចឹងហើយសន្តិសុខ ដែលយាមការពារនៅមន្ទីរពេទ្យ បានយកសោម៉ូតូទៅចាក់បើកខ្លុបម៉ូតូ ដើម្បីឆែកមើលក្រែង មានអីវ៉ាន់ ពេលនោះក៏ឃើញមានថង់មួយ រួចក៏យកថង់ហ្នឹងក្នុងចេតនាចង់យករបស់គេ។ បន្ទាប់ពីយកថង់នោះ ចេញឆ្ងាយពីម៉ូតូរួចមកក៏ឆែកទៅឃើញគ្រាប់បែក ក៏ភ័យរួចក៏យកទៅទំលាក់នៅក្បែរម៉ូតូវិញ ហើយក៏ស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើលឆោឡោឡើង បន្ទាប់មកសមត្ថកិច្ច ក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក។

សរុបមកវិញករណីនេះ មិនមែនជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះ នៅក្នុងមន្ទីរពេទ្យជោរ៉ៃនោះទេ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពិតប្រាកដថា ប្រភពគ្រាប់បែកហ្នឹងមកពីណា គោលដៅទៅណា ហើយបច្ចុប្បន្នកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខ ដើម្បីមកធ្វើការបំភ្លឺ និងស៊ើបអង្កេតរួចរាល់ហើយទើបកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

គួររំលឹកថា កាលវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅមន្ទីរពេទ្យជោរ៉ៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសន្តិសុខយាមម៉ូតូ នៅក្នុងមន្ទីរពេទ្យនោះ បានប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្នុងឃ្លុបកង់ម៉ូតូស្កុបពី ពណ៌ក្រហមមួយគ្រឿងដែលគេយកទៅផ្ញើរនៅមន្ទីរពេទ្យ។

ដំបូងឡើយគេសន្និដ្ឋានថា មានជនមិនស្គាល់មុខបង្កៃគ្រាប់ផ្ទុះ តែក្រោយពីស្រាវជ្រាវទើបដឹងថាម្ចាដ់ម៉ូតូភ្លេចដកសោរទើបអ្នកយាមប៉ុនប៉ងលួចទ្រព្យគេបានយកសោរទៅចាក់បើកឃ្លុបរើយកអីវ៉ាន់ លុះឃើញគ្រាប់បែកក៏បែកមេការឆោឡោអ៊ីចឹងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor