កំពង់ចាមៈ យុវជន២នាក់ ជាជនដៃដល់ក្នុងការកាប់ប្រហារបណ្ដាលឲ្យយុវជនម្នាក់ ប៊ិះដាច់ដៃទាំងសង្ខាង និងផុតជីវិត កាលពីអំឡុងមុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ ត្រូវប៉េអឹម ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៦៖៣០នាទី ព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានរឹបអូសដាវមួយដើម និងម៉ូតូមួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។
មន្ត្រីប៉េអឹមខេត្តកំពង់ចាម ឲ្យដឹងថា កម្លាំងជំនាញមន្ទីរយុត្តិធម៌ បានធ្វើការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ រួមមាន ១/ឈ្មោះ រិន ចាន់ណារា ហៅ ទិ ភេទប្រុស អយុ១៨ឆ្នាំ និង២/ឈ្មោះ សេត សុមានី ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំងពីរ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពងចាម ខេត្តកំពងចាម។
ក្រៅពីឃាត់ខ្លួនជនសង្ស័យជាយុវជនទាំងពីរខាងលើ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង រួមមាន ដាវសាំម៉ូរ៉ៃ ចំនួន១ដើម ទូរស័ព្ទចំនួន២គ្រឿង និងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ដែលជាមធ្យោបាយរបស់ជនសង្ស័យ ក្នុងការធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។
តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃបិណ្ឌ១៤ មុនភ្ជុំធំមួយថ្ងៃ នៅចំណុចផ្លូវលំជើងភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជនសង្ស័យទាំងពីរ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វីនលី ហៅ ឌឿង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាតកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពងចាម បណ្តាលឲ្យរងរបួសជាទម្ងន់ ក្នុងខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាដើរលេង។
បច្ចុប្បន្ន ក្រោយការឃាត់ខ្លួនហើយនោះ ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបញ្ជូនទៅតុលាការតាមនីតិវិធី៕




