ព្រះសីហនុៈ បុរសជាកម្មករទូកម្នាក់ បានធ្វើសកម្មភាពលួចលុយចំនួនជាង៣០០០ដុល្លារ ពីក្នុងហឹបបញ្ញើដែលផ្ញើពីកោះរុង មកខេត្តព្រះសីហនុ បានសម្រេច តែត្រូវប៉ូលិសស្រាវជ្រាវចាប់ខ្លួន កាលពីវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានអំពើលួចបញ្ញើហឹបលុយមួយកើតឡើងនៅលើទូកដឹកភ្ញៀវទេសចររបស់ក្រុមហ៊ុន ដាយ សិនធឺ។ ហឹបដាក់លុយនោះ មានស្នាក់ការរបស់ក្រុមហ៊ុននៅកោះរុង ផ្ញើមកឲ្យនៅខាងក្រុងព្រះសីហនុ ដែលក្នុងនោះមានលុយចំនួន៣១២៥ដុល្លារ។
ក្រោយពីការស៊ើបអង្កេត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហុក ឃី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករទូករបស់ក្រុមហ៊ុន ដាយ សិនធឺ និងបានរកឃើញហឹបលុយនោះវិញ ដែលមុខសញ្ញាបានយកទៅលាក់នៅលើបន្ទប់ក្បាលទូក មានលុយចំនួន៣១២៥ដុល្លារ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិតាមច្បាប់ រីឯប្រាក់ប្រគល់ឲ្យក្រុមហ៊ុនវិញ៕



