Sponsor
Amapapa News

ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមមុននេះបន្តិចថា តុលាការបាន​សម្រេចឃុំខ្លួនលោក កឹម សុខា ជាបណ្តោះអាសន្ន។

លោក លី សុផាណា បានបញ្ជាក់ដូច្នេះថា «បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខ និងសាកសួររចម្លើយ ជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ លោក គី រិទ្ធី ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»

សូមរំលឹកថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅកណ្តាលអធ្រាត្រម៉ោង១២៖៣០យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះនៅទួលគោក រាជធានីភ្នំពេញ ពីបទក្បត់ជាតិ។

សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៨នាក់ផ្សេងទៀតជាអង្គរក្សផងដែរ។ ការចាប់ខ្លួននេះបន្ទាប់ពីបែកធ្លាយវីដេអូរបស់លោក កឹម សុខា និយាយនៅប្រទេសអូស្ត្រាលីពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយមានសារបង្ហាញពីផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ពី Facebook កូនខ្មែរ នៅយប់ថ្ងៃនេះដដែល មានវីដេអូមួយបង្ហោះតាមបណ្ដាញសង្គម​ វីដេអូពីការថ្លែងរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ លោកបាននិយាយថា រាល់ទង្វើរបស់លោក គឺធ្វើតាមបញ្ជារបស់អាមេរិកក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដូចគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីជាដើម។

ចំណែកអង្គរក្សចំនួន៨នាក់របស់លោក កឹម សុខា ត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីឃាត់ខ្លួនមេកើយរបស់គេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor