
ភ្នំពេញៈ ក្រោយការិយាល័យព័ត៌មាននៅភ្នំពេញ របស់វិទ្យអាស៊ីសេរី ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នហើយនោះ ពេលនេះ បុគ្គលិកវិទ្យុអាស៊ីសេរីមួយចំនួនអាចប្រឈមនឹងចំណាត់ការចំពោះមុខច្បាប់។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងក្នុងសន្និសីទសារព័ត៌មានថា ចាប់ពីថ្ងៃស្អែកទៅ ក្រសួងឈប់ធ្វើបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ទៀតហើយ។
ការអះអាងបែបនេះ ស្របពេលក្រសួងព័ត៌មាន ច្រានចោលការចោទថា ក្រសួងបានរឹតត្បិត និងបិទការិយាល័យតំណាងវិទ្យុអាស៊ីសេរី និងកាសែត ខេមបូឌា ដេលី។
ក្រសួងព័ត៌មាន បានច្រានចោលចំពោះការចោទប្រកាន់ថា ក្រសួងព័ត៌មាន បានបិទវិទ្យុអាស៊ីសេរី និងកាសែត ខេមបូឌា ដេលី ជាការមិនពិត។ នេះបើតាមការអះអាងរបស់មន្ត្រីនាំពាក្យក្រសួងព័ត៌មាន។
លោក អ៊ុក គឹមសេង ថ្លៃងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ១៥ កញ្ញា នៅទីស្តីការក្រសួងថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែតខេមបូឌាដេលី ដូចអ្វី ដែលបានចោទប្រកាន់នោះទេ។
ប៉ុន្តែផ្ទុយទៅវិញ លោកថា ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួនថា នឹងធ្វើការក្នុងទីងងឹត (ចារកម្ម) ផងដែរ។
ជាមួយគ្នា អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចាប់ពីក្រោយសន្និសីទសារព័ត៌មាននេះទៅ លោកដែលជាអ្នកនាំពាក្យនឹងឈប់ទទួលបំភ្លឺពីបុគ្គលិកអាស៊ីសេរីផងដែរ។
សូមជម្រាបថា ការប្រកាសនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី ប្រកាសបិទការិយាយល័យនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ យ៉ាងណា វិទ្យុអាស៊ីសេរី នៅតែដំណើរការលើវេបសាយ ហ្វេសប៊ុក ឬយូធូបរបស់ខ្លួនដដែល៕





