
កំពតៈ វាពិតជារឿងមួយ ដែលសង្គមស្អប់ខ្ពើមបំផុត ខណៈឪពុកល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេច កាលពីវេលាម៉ោង៥និង១០នាទីយប់ទៀងភ្លឺឈានចូលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧។
តាមការរៀបរាប់ទាំងហួសចិត្តរបស់ម្តាយក្មេងរងគ្រោះ ដែលរស់នៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត បានឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អ.រ.ដ អាយុ១១ឆ្នាំ នៅយប់កើតហេតុទៀបភ្លឺ រូបគាត់បានចេញទៅធ្វើការរោងចក្រកាត់ដេរ ដូចសព្វដង ក្រោយពីត្រឡប់ធ្វើការវិញកូនស្រីគាត់ប្រាប់ថា ឪពុកបានចាប់រំលោភខ្លួនបានសម្រេច។ ស្រ្តីជាម្ដាយបន្តថា ដោយអាណិតកូនស្រីពេក ហើយខឹងលោកប្តីចោលម្សៀតផងនោះ រូបគាត់បាននាំកូនស្រីទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចែង ដើម្បីរកយុត្តិធម៌។
ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាល បានចុះទៅឃាត់ខ្លួនបុរសជាប្តីឈ្មោះ កេង វៃ អាយុ៣៨ឆ្នាំ បញ្ជូនមកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកជុំគីរី។ ប៉ុន្តែទោសធ្ងន់ពេក កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ឈិន ឈាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ថា ក្រោយពីកម្លាំងជំនាញបញ្ជូនមក ជនសង្ស័យ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីខ្លួនឯងពិតប្រាកដមែន។
លោកវរសេនីយ៍ទោ បានបន្តថា ចំពោះក្មេងស្រីរងគ្រោះ ក៏បានប្រាប់ថា ឪពុករបស់ខ្លួន ពិតជាបានចាប់រំលោភខ្លួនមែន ហើយចាប់រំលោភ ខណៈពេលម្តាយនាងបានចេញទៅធ្វើការរោងចក្រកាត់ដេរ ពេលម្តាយត្រឡប់មកផ្ទះវិញ នាងបានប្រាប់ម្តាយពីដំណើរឿង ទើបម្តាយសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនេះតែម្តង៕



