
ភ្នំពេញៈ រថយន្តកុងតឺន័របើកបុកម៉ូតូឆាលី ពីក្រោយបណ្តាលស្ត្រីម្នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែង ហើយរថយន្តកុងតឺន័របើករត់បាត់ស្រមោល កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរ ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ល័ក្ខ សំអូន អាយុ៤២ឆ្នាំ មុខរបរ លក់បាយគុយទាវ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរ ជិះម៉ាកឆាលី គ្មានស្លាកលេខ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីខាងលើ ជិះម៉ូតូតែម្នាក់ឯង តាមផ្លូវបេតុង៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចស្របគ្នានោះក៏មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខមិនចាំពណ៌ បើកមកពីក្រោយយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងបេតុង ស្លាប់ភ្លាមៗនៅនឹងកន្លែង ភ្លាមនោះរថយន្តកុងតឺន័មិនបានឈប់នោះ ដោយឃើញផ្លូវស្ងាត់មិនមានមនុស្ស ក៏បើករត់ទៅទិសខាងលិចបាត់ស្រមោល។
ក្រោយកើតហេតុដំណឹងនេះ បានឮទៅដល់ក្រុមគ្រួសារសព រត់មកអោបក្រសោបជនរងគ្រោះព្រោះកន្លែងកើតហេតុនៅមិនឆ្ងាយពីជនរងគ្រោះទេ ពោលប្រហែល៥០០ម៉ែត្រពីគ្នា ។ ក្រោយមកសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុឯកសារប្រគល់សព និងជួយដឹកសពដល់ផ្ទះ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី៕




