
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរពូទីន បានបញ្ជូនទាហានមួយចំនួនធំ ទៅកាន់ច្រកព្រំដែន Khasan រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង សម្រាប់ឈរជើងការពារក្នុងតំបន់ ក្រោយថ្ងៃបន្ទាប់ពីបាញ់មីស៊ីលផ្លោងអន្តរទ្វីប។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ប្រទេសរុស្ស៊ី ត្រូវបានគេគិតថា មានការព្រួយបារម្ភ ចំពោះការប្រមូលផ្ដុំកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង អំឡុងពេលដែលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងបង្កាត់ភ្លើងសង្គ្រាមលោកលើកទី០៣ កាន់តែខ្លាំងឡើង។
អនុប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខជាន់ខ្ពស់រុស្ស៊ីលោក Frances Klintsevich បានព្រមានថា រាល់សកម្មភាពរបស់អាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង ក៏ត្រូវបានគេមើលឃើញថា ជាការប្រឆាំងចំពោះរុស្ស៊ី ដោយសារតែព្រំដែនរួមរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho បានគំរាមថា ក្រុងព្យុងយ៉ាង នឹងបាញ់ទម្លាក់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើដំណើរជិតដល់ព្រំដែនកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕

