
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងទៅសហរដ្ឋអាមេរិកថា កុំគិតតែយកឆ្អឹងខ្មោចទាហានរបស់ខ្លួន ប៉ុន្តែត្រូវគិតគូរយកគ្រាប់បែកដែលខ្លួនបានទម្លាក់នៅកម្ពុជា កាលពីសម័យសង្រ្គាមនោះត្រឡប់ទៅប្រទេសកំណើតវិញផង។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅចាក់អង្រែលើ នៅព្រឹកថ្ងៃទី២៧ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកដឹងតែពីទារលុយពីកម្ពុជា ដែល លន់ ណន់ បានជំពាក់ ប៉ុន្តែមិនព្រមមកយកគ្រាប់បែក ដែលខ្លួនទម្លាក់នៅកម្ពុជាទៅវិញទេ។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងជាចម្ងល់ថា តើកាលពីសម័យមុននោះ លន់ ណន់ ខ្ចីលុយពីអាមេរិក យកមកធ្វើអ្វីឲ្យពិតប្រាកដនៅកម្ពុជា ហើយមកដល់បច្ចុប្បន្នអាមេរិក ចេះតែមកទារបំណុលពីកម្ពុជា មិនឈប់មិនឈរ ប៉ុន្តែមិនព្រមមកយកគ្រាប់បែកទៅវិញទេ។
សម្តេចបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពិនិត្យមើលឡើងវិញ ហើយបើសិនជាអាចធ្វើទៅបានកុំមកយកតែខ្មោច ឆ្អឹងខ្មោច នៅស្រុកខ្មែរ មកជួយយកគ្រាប់បែក ដែលនៅសេសសល់ពីស្រុកខ្មែរទៅវិញផង”។
សម្ដេចតេជោបន្តថា មានគ្រាប់បែកមួយគ្រាប់យ៉ាងធំ នៅខេត្តស្វាយរៀង បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា អាមេរិកតែងតែមកប្រដៅកម្ពុជា រឿងប្រជាធិបតេយ្យ ប៉ុន្តែបែរជាខ្លួនឯងមកសម្លាប់ប្រជាជនខ្មែរយ៉ាងច្រើន តែអត់បាននិយាយរឿងប្រជាធិតេយ្យមួយម៉ាត់សោះ។
សម្ដេចតេជោសង្ឃឹមថា អគ្គរដ្ឋទូតអាមេរិក នឹងទៅមើលគ្រាប់បែករបស់ខ្លួននៅខេត្តស្វាយរៀង។ នេះជាការទទួលខុសត្រូវរបស់អាមេរិក ព្រោះអាមេរិកជាអ្នកមកបង្កើតបញ្ហាដោយខ្លួនឯង ហើយប្រទេសមហាអំណាចមួយនេះ នឹងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់បែកសេសសល់នៅកម្ពុជា។
កាលពីថ្ងៃទី១៥ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្អាក រាល់កិច្ចសហប្រតិបត្តិការ រុករកឆ្អឹងខ្មោចទាហានអាមេរិក ប្រមាណជាង៨០នាក់ ដែលបានស្លាប់ និងបាត់ខ្លួន កាលពីសម័យសង្រ្គាម នៅកម្ពុជាអំឡុងឆ្នាំ១៩៧០ ដើម្បីឆ្លើយតបនឹងរដ្ឋាភិបាល អាមេរិកដែលមិនផ្ដល់ទិដ្ឋាការដល់មន្រ្តីទូតកម្ពុជា។ កាលពីសម័យមុន កម្ពុជាបានជំពាក់បំណុលជាង៣រយលានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់៥រយលានដុល្លារ។ ចំណែកគ្រាប់បែកវិញ អាមេរិក បានទម្លាក់កាល ពីសម័យសង្រ្គាមប្រមាណជាជិត៣លានគ្រាប់៕




