Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើងៈ ស្របពេលដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅតែបន្តហែកទ្រូងបង្ហាញសាច់ដុំដាក់គ្នា ពួកយើងបានដឹងតិចតួចណាស់ថា តើសង្រ្គាមពាក្យសម្តីមួយនេះ មានបានជ្រួតជ្រាបដល់ប្រជាជនកូរ៉េខាងជើង ដែរឬអត់ ពីព្រោះថា របបរបស់លោកមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន នៅតែរក្សាកណ្តាប់ដៃដែកមកលើប្រជាជនរបស់ខ្លួនដដែល ពោល គឺនៅតែគ្រប់គ្រងការចូលទៅដល់ពិភពខាងក្រៅយ៉ាងប្រុងប្រយ័ត្នបំផុត។

ប្រទេសមួយនេះ ត្រូវបានគេចាត់ទុកថា ជារដ្ឋឯកកោ ហើយខាងក្រោមនេះ គឺជារឿងរ៉ាវពិត៩យ៉ាង ដែលអ្នកមិនធ្លាប់ដែលដឹងសោះពីកូរ៉េខាងជើង ៖

១. មានមេដឹកនាំត្រកូលតែមួយ ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមក

ស្ថាបនិក គីម អ៊ីលស៊ុង បានបង្កើតកូរ៉េខាងជើង ឡើងកាលពីឆ្នាំ១៩៤៨ ហើយគ្រួសាររបស់លោកបានគ្រប់គ្រងប្រទេសមួយនេះ ចាប់តាំងពីពេលនោះមក ដោយការដឹកនាំប្រទេសបន្តពីឪពុកមកដល់កូន។

ដោយឡែក ត្រឹមរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូង បានឆ្លងកាត់របបសាធារណរដ្ឋ៦លើក បដិវត្តន៍១លើក រដ្ឋប្រហារ២លើក និងការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ប្រធានាធិបតី សរុបចំនួន១២នាក់ បានដឹកនាំប្រទេសមួយនេះ ដោយបានកាន់អំណាចចំនួន១៩អាណត្តិ។

២. ស្ទើរតែគ្មានអ្នកមានទូរស័ព្ទដៃប្រើប្រាស់

ទូរស័ព្ទ៣លានគ្រឿង ហាក់ដូចជាច្រើនណាស់ ប៉ុន្តែនៅក្នុងប្រទេសមួយដែលមានប្រជាជន២៥លាននាក់ គឺស្មើនឹង១ ក្នុងចំណោមមនុស្ស១០នាក់ ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ទូរស័ព្ទដៃភាគច្រើន មាននៅក្នុងរដ្ឋធានីព្យុងយ៉ាង។

ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយប្រទេសកូរ៉េខាងត្បូងវិញ ដែលមានចំនួនប្រជាជនជាង៥១លាននាក់ ទូរស័ព្ទដៃមានច្រើនជាងចំនួនប្រជាជនពួកគេទៅទៀត។

៣. ប្រជាជនកូរ៉េខាងជើង មានកម្ពស់ទាបជាងកូរ៉េខាងត្បូង

វាស្តាប់ទៅដូចជារឿងទេវកថាដែរ ប៉ុន្តែមាននូវការសិក្សាស្រាវជ្រាវមួយចំនួន បានលើកឡើងថា មនុស្សប្រុសកូរ៉េខាងជើង ជាមធ្យមមានកម្ពស់ទាបជាងមនុស្សប្រុសកូរ៉េខាងត្បូង។

លោកសាស្រ្តាចារ្យ Daniel Schwekendiek មកពីសាកលវិទ្យាល័យ Sungkyunkwan ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានសិក្សាលើកម្ពស់ជនភៀសខ្លួនកូរ៉េខាងជើង ពេលដែលពួកគេឆ្លងកាត់ព្រំដែនចូលមកកាន់កូរ៉េខាងត្បូង ហើយលោកបានរកឃើញពីភាពខុសប្លែកគ្នានៃកម្ពស់ពី៣ ទៅ៨សង់ទីម៉ែត្រ។

៤. ផ្លូវថ្នល់កូរ៉េខាងជើង មានសភាពទ្រុឌទ្រោមខ្លាំង

រូបភាពពីរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង តែងតែបង្ហាញពីផ្លូវថ្នល់ធំទូលាយ ស្អាត ល្អ ដោយគ្មានការធ្វើចរាចរណ៍ណែនតាន់តាប់អ្វីនោះទេ តែបើនិយាយពីផ្លូវក្រៅក្រុងវិញ គឺខុសគ្នាដូចមេឃ និងដី។

យោងតាមតួលេខបង្ហាញកាលពីឆ្នាំ២០០៦ បានឲ្យដឹងថា កូរ៉េខាងជើង មានផ្លូវថ្នល់ប្រវែង២៥.៥៥៤គីឡូម៉ែត្រ ប៉ុន្តែមានត្រឹមតែ៣ភាគរយប៉ុណ្ណោះ ដែលស្អាត ហើយមនុស្ស១១នាក់ ក្នុងចំណោម១០០០នាក់ ដែលមានរថយន្តផ្ទាល់ខ្លួន ត្រូវតម្រង់ជួរយ៉ាងវែងនៅក្នុងចំណោមមនុស្សភាគច្រើន ដើម្បីរង់ចាំជិះរថយន្តក្រុង។

៥. ធ្យូងថ្ម គឺជាស្តេចប្រចាំកូរ៉េខាងជើង

កូរ៉េខាងជើង បានពឹងផ្អែកទាំងស្រុងលើការនាំចេញធ្យូងថ្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចពួកគេហើបផុតពីទឹក ប៉ុន្តែគេពិបាកនឹងវាស់តម្លៃពិតប្រាកដខ្លាំងណាស់ ដោយសារតែទិន្នន័យបានពីប្រទេសដែលទទួលបានធ្យូងថ្មទាំងនោះ។

ភាគច្រើននៃធ្យូងថ្មរបស់កូរ៉េខាងជើង ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលត្រូវបានគេហាមប្រាមការនាំចូលកាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។

៦. បងប្អូនកូរ៉េទាំង២ ធ្លាប់ជាប្រទេសមានកម្រិតស្មើគ្នា

រហូតមកដល់ឆ្នាំ១៧៣ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ស្មើគ្នារឿងទ្រព្យសម្បត្តិ ប៉ុន្តែចាប់តាំងពីពេលនោះមក កូរ៉េខាងត្បូង បានហក់ឡើងខ្ពស់ត្រដែត ដើម្បីធ្វើការនាំមុខដាច់ និងក្លាយជាប្រទេសផលិតឧស្សាហកម្មឈានមុខរបស់ពិភពលោក ដោយក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុន Samsung និង Hyundai បានក្លាយជាទីផ្សារបោះសំឡេងនៅលើឆាកអន្តរជាតិ។

៧. កូរ៉េខាងជើង គឺជាមហាអំណាចយោធា

ស្របពេលដែលកូរ៉េខាងជើង គឺជាប្រទេសធំទី៥២ និយាយពីចំនួនប្រជាជន ប្រទេសមួយនេះ ត្រូវបានគេចាត់ទុកថា ជាមហាអំណាចយោធាទី៤ របស់ពិភពលោក។

ការចំណាយលើយោធា ស្មើនឹង២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយស្ទើរតែមនុស្សប្រុសកូរ៉េខាងជើង ទាំងអស់ បានឆ្លងកាត់វគ្គហ្វឹកហាត់យោធា។

៨. ប្រជាជនកូរ៉េខាងជើង មានអាយុខ្លីជាងកូរ៉េខាងត្បូង

គ្រោះរាំងស្ងួតជាបន្តបន្ទាប់នៅចុងទសវត្សឆ្នាំ១៩៩០ បណ្តាលឲ្យអាយុកាលមធ្យមធ្លាក់ចុះយ៉ាងគំហុកនៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែបើទោះជាមិនមានកត្តាមួយនេះយ៉ាងណាក្តី ក៏ប្រជាជនកូរ៉េខាងជើង មានអាយុតាមពីក្រោយកូរ៉េខាងត្បូង ១២ឆ្នាំដែរ។

៩. ប៉ុន្តែកូរ៉េខាងជើង មានកូនច្រើនជាងកូរ៉េខាងត្បូង

នៅក្នុងឆ្នាំ២០១៧នេះ អត្រាផ្តល់កំណើតកូរ៉េខាងត្បូង បានធ្លាក់ដល់កម្រិតទាបជាប់កំណត់ត្រា ស្របពេលដែលប្រទេសមួយនេះ បន្តកិច្ចខិតខំរយៈពេល១ទសវត្ស ដើម្បីធ្វើឲ្យល្អប្រសើរឡើង នូវអត្រាផ្តល់កំណើតនៅក្នុងប្រទេសរបស់ខ្លួន។

កូរ៉េខាងត្បូង បានចំណាយលុយប្រហែល៧០ពាន់លានដុល្លារ ដើម្បីផ្តល់ប្រាក់បន្ថែមសម្រាប់អ្នកមានកូន ធ្វើឲ្យល្អប្រសើរឡើង នូវការឈប់សម្រាកពេលឆ្លងទន្លេ និងការចំណាយលើការព្យាបាលអ្នកដែលមិនមែនកូនជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor