
ថៃៈ យុវជនខ្មែរចំនួន៣នាក់ ដែលក្លាយជាក្មេងទំនើង នៅក្នុងតំបន់ទេសចរណ៍ ប៉ាតាយ៉ាប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃចាប់ខ្លួន ខណៈដែលក្រុមតម្រួតបានចេញប្រតិបត្តិការចុះប្រមូលស្រីពេស្យាចា ដែលតែងតែរំខានដល់ភ្ញៀងទេសចរណ៍ជាតិនិងអន្តរជាតិ ដែលចូលទៅកំសាន្ត នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង តំបន់ទេសចរណ៍ ប៉ាតាយ៉ា ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយកម្លាំងតម្រួតទេសចរណ៍ប្រចាំតំបន់ប៉ាតាយ៉ា បានសហការជាមួយកម្លាំងតម្រួតអន្តោប្រវេសន៍ខេត្តឆុនបុរី បានចុះទៅកាន់តំបន់ទេសចរណ៍ប៉ាតាយ៉ា ដោយបានប្រមូលស្ត្រីរកស៊ីផ្លូវភេទ (ពេស្យាចា) ទាំងជនជាតិថៃ និងជនជាតិបរទេសដែលកន្លងមកតែងតែរំខានដល់សុវត្ថិភាពភ្ញៀវទេសចរណ៍ ដែលចូលទៅកំសាន្តក្នុងតំបន់នេះ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលពេស្យាចារជនជាតិថៃ បានចំនួន៣៦នាក់ នារីប៉េដេបានចំនួន៦នាក់ និងស្ត្រីជនជាតិបរទេសចំនួន១៩នាក់ ហើយស្របពេលជាមួយគ្នានោះដែរ កម្លាំងបានឃាត់ខ្លួនក្មេងទំនើងបានចំនួន១៩នាក់ ខណៈដែលពួកគេកំពុងប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានដកហូតនូវសារធាតុញៀនប្រភេទម៉ាទឹកកក មួយចំនួនផងដែរ។
នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងបានប្រទះឃើញមានយុវវ័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ជនជាតិរុស្សី ខណៈដែលជនបរទេសរូបនេះ កំពុងដើរកំសាន្តនៅក្បែចំណតអូប័រ ទល់មុខកោះឡាន ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបាន គឺជាជនជាតិខ្មែរដែលមានឈ្មោះ ឡា អាយុ២០ឆ្នាំ ឈ្មោះ ឡយ អាយុ១៩ឆ្នាំ និងឈ្មោះ ម៉េត អាយុ១៨ឆ្នាំ ពួកគេគឺជាអ្នករត់តុនៅក្នុងអាហារដ្ឋានមួយកន្លែង នៅលើកោះឡាននេះតែម្តង ហើយការដែលពួកគេធ្វើបែបនេះ ដោយសារតែប្រាក់ខែចាយមិនគ្រប់។
លោក សុន ឆេត នាយរងតម្រួតទេសចរណ៍ ប្រចាំតំបន់ប៉ាតាយ៉ានេះ បានលើកឡើងថា ប៉ាតាយ៉ា គឺជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះ បោះសម្លេង នៅលើពិភពលោក ដូច្នេះត្រូវធ្វើយ៉ាងណារក្សាសុវត្ថិភាព អោយបានជូនភ្ញៀវទេសចរណ៍ ដែលចូលមកកំសាន្តនាតំបន់នេះ ព្រោះកន្លងមកក៏មានការឆក់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍ជាញឹកញាប់ផងដែរ ទើបពេលនេះកម្លាំងជំនាញ បានចេញប្រតិបត្តិពិសការបោសសម្អាតតែម្តង៕



