
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ខេត្តផ្សេងៗទៀត ។ នេះបើតាមតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំចេញមុននេះ។
ចំពោះការប្រកាសលទ្ធផលនេះ ក្រសួងនឹងធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ។
