Sponsor
Amapapa News

ភ្នំពេញៈ ជនសង្ស័យជំនាញខាងកាច់សោរកម៉ូតូម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋតាមទាន់នៅពេលកំពុងធ្វើសកម្មភាព ហើយជាអកុសលម៉ូតូនោះបានអស់សាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៦២R ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ យន់ ណាមិច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកឯជនរងគ្រោះឈ្មោះ មិក មិនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាន់ទី២ តាមបណ្តោយផ្លូវលេខ៦២R ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ និង៣០នាទីល្ងាច ជនរងគ្រោះបានចេញពីកន្លែងធ្វើការ ដោយជិះម៉ូតូ១គ្រឿង ម៉ាក ZoomerX ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA-1483 ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលរបស់ខ្លួនវិញនៅឯសង្កាត់ទួលសង្កែ។ ខណៈជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានទុកម៉ូតូនៅមុខផ្ទះ ដោយមិនបានដកកូនសោរចេញពីម៉ូតូទេ ហើយក៏រត់ឡើងទៅបន្ទប់ជួលជាន់ទី២ ដើម្បីទៅយកលុយទិញម្ហូប។ លុះពេលរត់ចុះមកវិញ ស្រាប់តែមិនឃើញម៉ូតូនៅកន្លែងចតទុកនោះទេ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកផ្អើលឆោឡោថា បាត់ម៉ូតូខ្ញុំហើយ ហើយពេលនោះបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនិយាយថា មុននេះបន្តិចពួកគាត់បានប្រទះឃើញជនសង្ស័យម្នាក់បានបណ្តើរម៉ូតូមួយគ្រឿងចេញទៅ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម ជនរងគ្រោះបានជិះម៉ូតូតាមរក ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងតែបណ្តើរម៉ូតូ ខណៈនោះ ជនរងគ្រោះក៏បានស្រែកថា ចោរៗ។ រំពេចនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ និងវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យស្ទើតែស្លាប់ តែសំណាងល្អ ត្រូវសមត្ថកិច្ចមកទាន់ ចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor