
ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសអន្តរាគមន៍ពិសេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកកាំភ្លើងបាញ់ភ្ជុចដីមួយគ្រាប់ ផ្លាតត្រូវជើងដៃគូជម្លោះផឹកស៊ីជាមួយគ្នាបណ្ដាលឲ្យរងរបួស។ ហេតុការណ៍ការបាញ់ប្រហារនេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញមូលដ្ឋានដូនពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងនៅម្តុំផ្លូវរថភ្លើងបឹកកក់(R6) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះ គេបានឃើញបុរសទាំងពីរខាងលើ បានអង្គុយផឹកស៊ីយ៉ាងសប្បាយក្បែរគ្នានៅកន្លែងកើតហេតុ។ ប៉ុន្តែភាពសប្បាយរីករាយដោយសារគ្រឿងស្រវឹងនេះ មិនបានស្ថិតស្ថេរយូរអង្វែងឡើយ ពោល គឺពួកគេផឹកស៊ីរហូតបង្កជាទំនាស់ពាក្យសម្ដីដាក់គ្នា ហើយខណៈពេលនោះ បុរសម្នាក់ ដែលជាជនរងគ្រោះបានដើរទៅច្រានទ្រូងជនបង្ក ទើបធ្វើឲ្យជនបង្កដែលជាប៉ូលិសខឹងសម្បារ និងអាងខ្លួនឯងមានកាំភ្លើងផងនោះ បានដកចេញពីចង្កេះបាញ់ភ្ជុចដីមួយគ្រាប់ បណ្ដាលឲ្យផ្លាតត្រូវគូជម្លោះចំជើងខាងឆ្វេង រងរបួសស្រាល។
ប្រភពបន្តថា ជនបង្កហេតុជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ កាណុងវែង ប៉ុន្តែយ៉ាងណាអត្តសញ្ញាណជនបង្ករូបនេះ និងជនរងគ្រោះនៅមិនទាន់ត្រូវបានប្រាប់នៅឡើយទេ។
យ៉ាងណា ក្រោយពេលកើតហេតុ មន្ត្រីនគរបាលខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនបុរសទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរពីដំណើររឿង និងដោះស្រាយតាមផ្លូវច្បាប់៕



