
ខេត្តកំពត៖ បុរសសក់សក្នុងវ័យ៧១ឆ្នាំ ស្ថិតក្នុងសំលៀកបំពាក់ចូលវត្តអារាមអាវសខោខ្មៅ តាមបែបប្រពៃណីខ្មែរ នៃអ្នករស់នៅជាចាស់ទុំនៅទីជនបទបានទម្លាយអាថ៌កំបាំងស្នេហ៍ដំបូងរបស់ខ្លួនជាមួយភរិយាកាលពីជាង៥០ឆ្នាំមុនដល់គេហទំព័រព័ត៌មាន Kqube.net រហូតមកដល់បច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃនៃអាពាហ៍ពិពាហ៍នៅកូនស្រីប្រុសចំនួន១០នាក់។
លោកព្រឹទ្ធាចារ្យ គង់ ណៃ បានឲ្យដឹងថា លោកមានស្រុកកំណើតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកតាពិការភាពតាំងពីកុមារមកម្ល៉េះ គាត់បានរៀបអាពាហ៍ពិពាហ៍នៅក្នុងវ័យ១៧ឆ្នាំ ជាមួយអ្នកស្រី តាត ឆេន ជាអ្នកស្រុករស់នៅស្រុកជាមួយគ្នា ប៉ុន្តែត្រង់ប្រពន្ធគាត់រស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ព្រឹទ្ធាចារ្យចម្រៀងចាប៉ីដងវែងរូបនេះបានបន្តថា ពេលចាប់ផ្តើមបង្កើតស្នេហាដំបូងជាមួយភរិយាគាត់ កាលនោះលោកមានអាយុត្រឹមតែ ១៧ឆ្នាំទេ ចំពោះលោកយាយ តាត ឆេន ដែលត្រូវជាភរិយារបស់គាត់នោះ មានអាយុ ២០ឆ្នាំឯណោះ។ ដោយយាយមានអាយុច្រើនជាង ពេលនោះលោកតា គង់ ណៃ ហៅលោក យាយ តាត ឆេន តែបងៗទេ ប៉ុន្តែគ្រាមួយអ្នកទាំងពីរក៏មានរឿងដ៏អស្ចារ្យមួយ ដែលស្ដាប់ហើយ ធ្វើឲ្យប្រពន្ធគាត់នៅខ្មាសអៀនរហូតមកដល់សព្វថ្ងៃនេះផងដែរ។
ប្រិយមិត្តអ្នកអាន និងទស្សនិកជនមានឆ្ងល់ទេថា យុវជនពិការភ្នែក គង់ ណៃ អាយុត្រឹម១៧ឆ្នាំសោះ ចុះហេតុដូចម្ដេចជំរុញឲ្យបុរសពិការរូបនេះលាត់ត្រដាងស្នេហ៍ពិត ជាមួយនាងក្រមុំ អាយុបងរហូត២០ឆ្នាំទៅបាន? បើចង់ដឹងសាច់រឿងយ៉ាងណានោះ សូមទស្សនាវីដេអូបទសម្ភាសខាងក្រោមនេះកុំបីខានឡើយ។
សូមបញ្ជាក់ថា សព្វថ្ងៃលោកព្រឹទ្ធាចារ្យ គង់ ណៃ មានវ័យ៧១ឆ្នាំ ភរិយាគាត់លោកយាយ តាត ឆេន មានអាយុ ៧៤ឆ្នាំ លោកគឺជាអ្នកចម្រៀងចាប៉ីដងវែងដ៏ល្បីឈ្មោះម្នាក់ បន្ទាប់ពីលោកតាប្រាជ្ញ ឈួន ។ តាមការរៀបរាប់នៅប្រវត្តិខ្លះៗរបស់លោកតា គង់ ណៃ គឺធ្លាប់បានយកនូវចម្រៀងប្រពៃណីខ្មែរពីរូបដ៏ពេញនិយមនេះទៅច្រៀងជាច្រើនប្រទេសនៅលើពិភពលោក ដែលបង្ហាញនៅវប្បធម៌ ប្រពៃណីខ្មែរ ដល់បរទេសបានស្គាល់កាន់តែច្បាស់ផងដែរ។
បច្ចុប្បន្ននេះលោកអ៊ំ ណៃ គាត់បានចូលនិវត្តន៍ពីការងារសិល្បៈទៅហើយ ប៉ុន្តែលោកនូវទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជននានា ដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ ដូចជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១០០ដុល្លារអាមេរិក អតីតអភិបាលក្រុងភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ចំនួន ១០០ដុល្លារអាមេរិក អង្គការសិល្បៈខ្មែរអមតចំនួន១០០ដុល្លារអាមេរិក ប្រាក់ចូលនិវត្តន៍៣៦ម៉ឺន អង្គការមរតកមនុស្សរស់ ៧៣ម៉ឺនរៀលបន្ថែមទៀត ដូច្នេះក្នុងមួយខែៗលោកទទួលបានប្រាក់ឧបត្ថម្ភសរុបជិត៦០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមកិច្ចសម្ភាសជាមួយលោកតាផ្ទាល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្មីៗនេះ លោកកោសល្យវោហារ គង់ ណៃ ទើបតែទទួលពានរង្វាន់សិល្បៈវប្បធម៌ពី ក្រុងហ្វុគុអូកា នៃប្រទេសជប៉ុន គិតជាទឹកប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងទទួលបានការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះផងដែរ៕
អត្ថបទ៖ លោក ចេង ចំរើន

