
ភ្នំពេញៈ មានការលេចឮមកថា កញ្ញា សុគន្ឋ និសា បានកំណត់ពាលាជ័យច្បាស់លាស់ហើយ ក្នុងការសំពះផ្ទឹមដោយឭល្ហិចល្ហៀងមកថា តារាស្អាតរូបនេះ រៀបការនៅខែធ្នូដើមខែតែម្តង។
តារាចម្រៀងមានរូបសម្រស់ស៊ីដាច់គេរបស់ផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា ឬ ប៊ុន សុគន្ធា នឹងដឹកដៃសង្សារថ្មី ខ្មែរនៅអាមេរិក គឺលោក សាំបា ចូលរោងការ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ បើតាមប្រភពជិតដិតបំផុតជាមួយនិសា ក៏ដូចជាម្ចាស់ហាងសម្អាងការមួយចំនួន ដែលធ្លាប់ហៅតារារូបនេះ ថតស្ពត បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះ។
ការដែលសុគន្ធ និសា សម្រេចចិត្តដឹកដៃលោក សាំបា ចូលរោងការ ដោយគ្មានការស្ទាក់ស្ទើរនេះ គឺបន្ទាប់ពីមុននេះ អតិតសង្សាររបស់នាងលោក សុខ ជំនោរ បានធ្វើពិធីភ្ជាប់ពាក្យ កាលពីថ្ងៃទី៦ ខែសីហា ជាមួយកញ្ញា ស្រី សុរង្សី ដែលជាបុគ្គលិកធនាគារម្នាក់ ហើយពួកគេនឹងដឹកដៃគ្នាចូលរោងការនៅខែវិច្ឆិកានេះហើយ។
ដំណឹងមួយនេះ ត្រូវបានមតិមហាជនមានការអបអរ ដែលវ័យរបស់និសា ក៏ច្រើនដែរហើយ នាងនឹងលែងពិបាកចិត្តទៀតហើយ ក្រោយធ្លាប់ខកស្នេហ៍ម្តង និងក្រៀមក្រំយូរខែមកហើយដែរ។ មានភ្ញៀវ និងតារាជាច្រើនត្រៀមរួចជាស្រេច ដើម្បីចូលរួមជូនពរតារាល្បីលំដាប់ប្រទេសរូបនេះ។ ចំណែកអនាគតស្វាមីនាង ក៏ត្រៀមខ្លួនដែរដើម្បីអញ្ជើញភ្ញៀវមកពីអាមេរិកភាគច្រើន ជាអ្នកជំនួញ៕








