
កំពង់ឆ្នាំងៈ អស់រយៈពេល៦ថ្ងៃហើយ គិតត្រឹមថ្ងៃទី៨ខែកញ្ញានេះ សាកសពស្ត្រីម្នាក់ដែលត្រូវឃាតករសម្លាប់ដោយកាប់ចិញ្ច្រាំជាច្រើនកាំបិត រួចច្រកក្នុងការ៉ុងយកមកទម្លាក់ចោលនៅស្រុកកំពង់ត្រឡាច ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គាត់គឺជាប្រពន្ធរបស់មន្ត្រីនគរបាលម្នាក់ មានទីលំក្នុងរាជធានីភ្នំពេញ តែដោយសារការឈ្លោះទាស់ទែងជាមួយមួយស្វាមី ស្ត្រីរងគ្រោះបានមកជួលផ្ទះស្នាក់នៅ ធ្វើជាកម្មករ រោងចក្រនៅស្រុកពញ្ញាឮ ខេត្តកណ្តាល នេះបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលស្រុកកំពង់ត្រឡាច។
មន្ត្រីនគរបាលបានបញ្ជាក់ដោយយោងតាមការលើកឡើងរបស់ ក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ ទិត លីនដា អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្តីជាមន្ត្រីនគរបាលអង្គរក្ស មានកូន៣ កូនបងអាយុ១៧ឆ្នាំ កូនពៅអាយុ៧ឆ្នាំ ។
មន្ត្រីនគរបាលថា នៅសៀលថ្ងៃទី៧ កញ្ញា ប្តីស្ត្រីរងគ្រោះ រួមទាំងក្រុមគ្រួសារបានកាន់រូបថតស្ត្រីរងគ្រោះ មកជួបមន្ត្រីនគរបាលស្រុកកំពង់ត្រឡាច ដោយប្រាប់ពីភិនភាគស្ត្រីរងគ្រោះ ហើយបានទៅគាស់សាកសពពិនិត្យមើល ទើបស្គាល់ច្បាស់ថា ពិតជាប្រពន្ធ និងក្រុមគ្រួសាររបស់ខ្លួនពិតមែន ក៏សម្រេចជួលអាចារ្យបូជាសព នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃដដែល ស្ថិតនៅវត្តចាស់ ក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ។
ក្រុមគ្រួសារបានបញ្ជាក់ថា ចាប់តាំងពីមកស្នាក់នៅធ្វើការនៅរោងចក្រ ស្ត្រីរងគ្រោះមិនដែលទាក់ទងទូរសព្ទ័ទៅប្តីទេ មានការអីទូរសព្ទ័ទៅជួបតែកូនៗ ដែលជាអ្នកនាំសារទៅឲ្យឪពុក (ប្តី) បានដឹងតែប៉ុណ្ណោះ ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា លុះដល់ថ្ងៃសៅរ៍ ទី២កញ្ញា ស្ត្រីរងគ្រោះបានយកម៉ូតូរបស់ក្មួយម៉ាកគុប និងខ្ចីប្រាក់អ្នកជិតខាងចំនួន២ម៉ឺនរៀល ដោយប្រាប់គេថា ទៅស្រុកកំពង់ត្រឡាច យកសាច់គោ ។ ចាប់តាំងពីថ្ងៃនោះមក បាត់ស្ត្រីរូបនោះរហូតតែម្តង ។ហើយមូលហេតុដែលគ្រួសារសព ក្រទទួលដំណឹងនៃការប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដែលគេច្រកក្នុងការ៉ុងយកមកទម្លាក់ចោលបែបនេះ ដោយសារតែផ្តាច់ការទំនាក់ទំនងនេះឯង ។ យ៉ាងនេះក្តី ក្រោយពេលស្គាល់អត្តសញ្ញាណសាកសពស្ត្រីរងគ្រោះហើយ សមត្ថកិច្ចបានសន្នដ្ឋានថា អាចជាអំពើសម្លាប់ហើយប្លន់យកម៉ូតូ តែពេលនេះកំពុងមមាញឹកក្នុងការសហ្រាវជ្រាវរកជនដៃដល់យកមកផ្តន់ន្ទាទោសតាមច្បាប់៕


