
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពើក្បត់ជាតិចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មានបាតដៃទី៣ នៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក។
ក្នុងឱកាសចុះសំណេះសំណាលជាមួយកម្មករជាង៤ពាន់នាក់នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ដូចព្រឹត្តិការណ៍ស្លាប់មនុស្សនៅតាមផ្លូវវែងស្រេង អ្វីៗទាំងអស់ មនុស្សនេះ អ្នកកសាងដូច្នេះ ការចាប់ខ្លួននៅពេលនេះ គឺជាការទូទាត់បញ្ជីពីដើមដល់ចប់ ហើយបាតដៃពីក្រោយវានៅតែដដែល គឺអាមេរិកកាំង អំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម”។
សម្ដេចតេជោ បានផ្តាំទៅបក្សប្រឆាំងឲ្យពិនិត្យមើលពាក្យសម្បថរបស់ខ្លួន ដែលចូលស្បថនៅចំពោះព្រះភ័ក្រ ព្រះមហាក្សត្រ ចំពោះឆ្វេតឆ័ត្រ ចំពោះព្រះសង្ឃរាជទាំង២គណៈ គឺបង្ហាញមិនឲ្យពួកបរទេសមកបង្គាប់បញ្ជាគោលនយោបាយទាំងក្នុង និងក្រៅប្រទេស។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅព្រឹកថ្ងៃអាទិត្យនេះ អង្គភាពសារព័ត៌មាន CAM POST មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ប៉ុន្តែលោកបានផ្តល់សម្ភាសន៍ឲ្យវិទ្យុវាយោ ដឹងនៅថ្ងៃអាទិត្យនេះថា គណបក្សគណបក្សសង្គ្រោះជាតិនឹងមិនបើកកិច្ចប្រជុំ និងមិនធ្វើសកម្មភាពអ្វីទាំងអស់ ហើយទុកឲ្យស្ថានការណ៍ពេលនេះដើរទៅដោយខ្លួនឯង។
លើសខ្លឹមសារលោក យឹម សុវណ្ណ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង វិញ បានផ្តល់បទសម្ភាសន៍ឲ្យVOA ដឹងថា គោលជំហរគណបក្ស បើគ្មានជម្រើសទេ គណបក្សសង្គ្រោះជាតិអាចនឹងធ្វើបាតុកម្ម។
ជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា វាយខ្នោះដៃទ្រព័ទ្ធមកក្រោយ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំបំផុតតែមួយគត់នៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនប្រធានរបស់ខ្លួនទាំងកណ្ដាលយប់អធ្រាត្រផងដែរ នៅក្នុងគេហដ្ឋានរបស់លោក។ បក្សប្រឆាំងមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាលចំពោះលោក កឹម សុខា នៅពេលនេះថា ជាការធ្វើឡើងក្រោមហេតុផលនយោយបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។
នៅប៉ុន្មានម៉ោងក្រោយការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ យ៉ាងតក់ក្រហល់។ គណបក្សសង្គ្រោះជាតិ បានហៅចំណាត់ការរបស់អាជ្ញាធរនៅពេលនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយហេតុថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អធ្រាត្រ និងក្នុងខណៈពេលដែលោក កឹម សុខ គឺជាតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា។
“គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និងឥតលក្ខខ័ណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយធ្វើអន្តរាគមន៍ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា និងបញ្ឈប់ការគំរាមកំហែង គាបសង្កត់ តាមគ្រប់រូបភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមកលើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់តទៅទៀត”។
ជាថ្មីម្ដងទៀត គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសជាឱឡារិកថា គណបក្សប្រឆាំងមួយនេះ ធ្វើសកម្មភាពនយោបាយ និងមានគោលនយោបាយប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ដោះស្រាយបញ្ហាជាតិដោយសន្តិវិធី ខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មិនយកខ្មែរណាធ្វើជាសត្រូវ គោរពគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត។
គួរជម្រាបថា ប្រធានគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា លោក កឹម សុខា ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង១២៖៣៥នាទី អធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ពីបទក្បត់ជាតិ នៅក្នុងគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សរូបនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានបែកធ្លាយថ្មីៗនេះថា គណបក្សប្រឆាំង និងក្រុមគ្រួសាររបស់លោក បានឃុបឃិតជាមួយបរទេសក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) សមត្ថកិច្ចនគរបាលកម្ពុជា ក៏បានឃាត់ខ្លួនបក្ខពួករបស់លោកប្រមាណជា១០នាក់ផ្សេងទៀត ក្នុងនោះ មានទាំងមនុស្សស្រីផងដែរ ហើយបញ្ជូនពួកគេទៅធ្វើការសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតសម្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ភ្លាមៗ បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា នៅកណ្ដាលអធ្រាត្រថ្ងៃដដែលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា “ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០០៖៣៥នាទីនេះ ឈ្មោះ កឹម សុខា ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា"។
សេចក្ដីថ្លែងការណ៍បន្តថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្ខពួកជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។
អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្ដីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្ដីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្ដីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ វិដេអូក្លីបខាងលើនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ន ឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។
ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
នៅវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញានេះ ទំព័រហ្វេសប៊ុកលោក កឹម សុខា បានបញ្ជាក់ថា “លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ ដោយមានក្រុមប្រដាប់អាវុធ សម្រុកចូលគេហដ្ឋានរបស់គាត់ ដោយគ្មានដីកា។ ពេលនេះ រូបលោកត្រូវបានគេចាប់ទៅណាក៏ពុំទាន់ដឹងឡើយ”។
បែបណាក៏ដោយ ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ គេក៏មើលឃើញថា ធ្វើឡើងដោយគៀកនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខផងដែរ៕









