Sponsor
Amapapa News

ភ្នំពេញៈ មន្រ្តីនគរបាលខេត្តស្វាយរៀង បានប្រាប់ CAM POST នៅមុននេះបន្តិចថា ឃាតក ដែលសម្លាប់​កូនស្រីបង្កើត និងឪពុកក្មេក ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីមានការសហការរវាងសមត្ថកិច្ច៣ខេត្ត/ក្រុង។

ប៉ូលិលបានប្រាប់ថា ជនសង្ស័យ ត្រូវប៉ូលិសខេត្តកំពង់ស្ពឺចាប់​នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការសហការប៉ូលិលក្រុងភ្នំពេញ ប៉ូលិលក្រុងខេត្តស្វាយរៀង និងប៉ូលិសខេត្តកំពង់ស្ពឺ ហើយពេលនេះ ប៉ូលិសខេត្តស្វាយរៀង បាននឹងកំពុងទាក់ទងជនសង្ស័យ ដើម្បីនាំខ្លួនមកធ្វើការសាកសួរនៅខេត្តស្វាយរៀង​។

បើតាមប៉ូលិស ជនសង្ស័យឈ្មោះ អង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

សូមរំលឹកថា ករណីឃាតកម្មដ៏​ឃោរឃៅមួយបានកើតឡើង​ បន្ទាប់ពីឪពុកបង្កើតរឹតកសម្លាប់កូនស្រីអាយុ២ឆ្នាំ នៅភ្នំពេញហើយនោះ ឃាតកបានបន្តដំណើរឆ្ពោះទៅខេត្តស្វាយរៀង ដើម្បីសម្លាប់ឪពុកម្ដាយក្មេកបន្តទៀត នៅរសៀលថ្ងៃកើតហេតុដដែល ប៉ុន្តែមិនសម្រេច១០០%ឡើយ។

បើតាមសមត្ថកិច្ចខេត្តស្វាយរៀង នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ កូនប្រសារឈ្មោះ អង សំណាង ហៅ ខ្មៅ បានធ្វើសកម្មភាពច្របាច់កសម្លាប់ឪពុកក្មេក បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ទឹក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ ពេជ្រ ជឿន អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវជាឪពុកក្មេករបស់ឃាតក និងត្រូវជាជីតារបស់កុមារីរងគ្រោះឈ្មោះ ពេជ្រ ចរិយា ផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មូលហេតុនាំឲ្យកើតមានអំពើឃាតកម្មនេះឡើង ដោយសារជនសង្ស័យខឹងប្រពន្ធរកលែងលះ ព្រោះខ្លួន(ជនសង្ស័យ)បានចាប់រំលោភម្ដាយក្មេក តែមិនបានសម្រេច។

គួរជម្រាបផងដែរថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ដដែលនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីម្ដាយមីងរបស់កុមារីរងគ្រោះ បានប្រទះឃើញក្មួយស្រីស្លាប់នៅក្នុងបន្ទប់ជួល នៅរាជធានីភ្នំពេញ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានរកឃើញថា អំពើឃាតកម្មនេះ កើតឡើងដោយសារជនសង្ស័យឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល​លេខ១០៩ ភូមិសំបួរ​ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានសម្លាប់កូនស្រីបង្កើតឈ្មោះ ពេជ្រ ចរិយា ភេទស្រី អាយុ២ឆ្នាំ ដោយរឹកកនឹងខ្សែភ្លើង រួចចងភ្ជាប់ជាមួយចម្រឹងបង្អួចបន្ទប់ជួល។

នៅមុនពេលកើតហេតុ​ ពោល គឺនៅវេលា​ម៉ោង១២៖១០នាទី ថ្ងៃត្រង់ ម្តាយមីងកុមារីរងគ្រោះឈ្មោះ អឿន ស្រីភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ បានត្រឡប់មកពីធ្វើការ​រោងចក្រ។ ពេលមកដល់បន្ទប់ជួលលេខ១០៩ ចំណុចកើតហេតុ ក៏បានឃើញបន្ទប់ជួលមិនចាក់​សោ ដោយចងខ្សែកម្រាលជើង​។ នាងក៏ស្រាយចេញ រួចបើកទ្វារមើលទៅក្នុងបន្ទប់​ ស្រាប់តែឃើញកុមារីរងគ្រោះឈ្មោះ ពេជ្រ ចរិយា ត្រូវជនសង្ស័យជាឪពុកបង្កើតប្រើខ្សែភ្លើងរឹតកសម្លាប់ ហើយរត់គេចខ្លួន​បាត់។ ពេលនោះ នាងបានស្រែកហៅអ្នកជួលផ្ទះក្បែរគ្នាឲ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ច​ ហើយសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ។

ក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ឋានថា នេះជាករណីឃាតកម្ម ដោយជនដៃដល់បានប្រើខ្សែភ្លើង​រឹតកសម្លាប់ជនរងគ្រោះប្រាកដមែន ហើយ​សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះទៅឲ្យឈ្មោះ អង រីម ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាជីតាយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕

សូមស្ដាប់ចម្លើយសារភាព

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor