Sponsor
Amapapa News

ភ្នំពេញៈ ប្រភពព័ត៌មានច្បាស់ការពីមន្ត្រីនគរបាលក្រុងភ្នំពេញ ប្រាប់ CAM POST នៅមុននេះបន្តិចថា ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចនគរបាលក្រុងភ្នំពេញ ភ្លាមៗបានបញ្ជូនទាំងយប់ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង នៅឯខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីរាយការណ៍ ក្រៅពីការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) សមត្ថកិច្ចនគរបាលកម្ពុជា ក៏បានឃាត់ខ្លួនបក្ខពួករបស់លោកប្រមាណជា១០នាក់ផ្សេងទៀត ក្នុងនោះ មានទាំងមនុស្សស្រីផងដែរ ហើយបញ្ជូនពួកគេទៅធ្វើការសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតសម្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រធានគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា លោក កឹម សុខា ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង១២៖៣៥នាទី អធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ពីបទក្បត់ជាតិ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សរូបនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានបែកធ្លាយថ្មីៗនេះថា គណបក្សប្រឆាំង និងក្រុមគ្រួសាររបស់លោក បានឃុបឃិតជាមួយបរទេសក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

ភ្លាមៗ បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា នៅកណ្ដាលអធ្រាត្រថ្ងៃដដែលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា “ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០០​៖៣៥នាទីនេះ ឈ្មោះ កឹម សុខា ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា"

សេចក្ដីថ្លែងការណ៍បន្តថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្ខពួកជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។

អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្ដីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្ដីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្ដីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ វិដេអូក្លីបខាងលើនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះផងដែរ។ បច្ចុប្បន្ន ឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។

ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

នៅវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញានេះ ទំព័រហ្វេសប៊ុកលោក កឹម សុខា បានបញ្ជាក់ថា “លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ ដោយមានក្រុមប្រដាប់អាវុធ សម្រុកចូលគេហដ្ឋានរបស់គាត់ ដោយគ្មានដីកា។ ពេលនេះ រូបលោកត្រូវបានគេចាប់ទៅណាក៏ពុំទាន់ដឹងឡើយ”

បែបណាក៏ដោយ ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ គេក៏មើលឃើញថា ធ្វើឡើងដោយគៀកនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខផងដែរ៕

សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor