Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីកំពុងជិះម៉ូតូ ត្រូវបានជនសង្ស័យ៤នាក់ ជិះម៉ូតូដេញតាមពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ។​ ភ្លាមៗនោះ នារីរងគ្រោះបានជិះម៉ូតូដេញតាមយកកាបូបលុយវិញ ខណៈពេលតាមមកដល់ចំណុចក្រោយសាលាវ៉ាន់ដា នារីរងគ្រោះបានស្រែកថា ចោរៗ ទើបប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចេញមកកាក់ចាប់បានជនសង្ស័យម្នាក់ ចំណែក៣នាក់ទៀត រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចកើតហេតុនៅម្តុំមន្ទីរពេទ្យមិត្តភាពខ្មែរ​-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ដែលស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបច្ចុប្បន្ននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដកហូតម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1GH- 8780។

នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១D-៥២៥៤ ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវ៤៣០ ខណៈពេលកំពុងតែធ្វើដំណើរ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមពីក្រោយយ៉ាងលឿន ហើយបានធ្វើសកម្មភាពឆក់កាបូបលុយរបស់នាងបានសម្រេច រួចពួកគេព្យាយាមជិះម៉ូតូរត់គេចខ្លួន។ នាងក៏បានព្យាយាមជិះម៉ូតូដេញតាមពីក្រោយយ៉ាងលឿន ព្រោះតែក្នុងកាបូបនោះ មានលុយ៥០០ដុល្លារ ដែលទុកបង់ថ្លៃសាលារៀន ខណៈពេលដេញតាមមកដល់ចំណុចក្រោយសាលាវ៉ាន់ដា ផ្លូវលេខ៤០២ នារីរងគ្រោះក៏បានស្រែកឮៗ មានចោរៗ។ ភ្លាមៗនោះប្រជាពលរដ្ឋបានចេញមកកាក់ម៉ូតូក្រុមជនសង្ស័យ ហើយចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក៣នាក់ រត់គេចខ្លួនបានសម្រេចក៏ត្រូវប្រជាពលរដ្ឋនៅទីនោះព្រួតវាយជនសង្ស័យរូបនោះម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សំណាងល្អដែលសមត្ថកិច្ចចុះមកដល់អន្តរាគមន៍ទាន់ពេលវេលា រួចសមត្ថកិច្ចក៏ចាប់នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវីធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor