
ភ្នំពេញៈ តារាហ្វេសប៊ុកល្បីខាងផ្សាយផ្ទាល់ពីហេតុការណ៍សន្តិសុខ និងសង្គមភាគច្រើននៅរាជធានីភ្នំពេញ លោក K01 ត្រូវប៉ូលិសព្រហ្មទណ្ឌខេត្តកណ្ដាល កោះហៅឲ្យចូលបំភ្លឺជាបន្ទាន់ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ដើម្បីបំភ្លឺរឿងផ្ទាល់ខ្លួន។
យោងលិខិតកោះហៅ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ បានកោះហៅឈ្មោះ ឃឿន សុឡា ហៅ K01 ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥៧ ផ្លូវ៨៧BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨៖០០នាទីព្រឹក ដើម្បីសាកសួរបំភ្លឺរឿងផ្ទាល់ខ្លួន។
ជុំវិញការកោះហៅអ្នកសារព័ត៌មានហ្វេសប៊ុកឲ្យចូលបំភ្លឺនេះ លោក ឃឿន សុឡា ហៅ K01 ប្រាប់ Cam Post នៅមុននេះបន្តិចថា លោកបានទទួលលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌនោះហើយ ហើយថា នឹងចូលទៅតាមការកោះហៅរបស់សមត្ថកិច្ច មិនឲ្យខកពេលឡើយ។ បែបណា លោក K01 មិនទាន់អាចបញ្ជាក់អំពីមូលហេតុនៃការកោះហៅឲ្យចូលបំភ្លឺនេះបាននៅឡើយទេ។
ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ប្រាប់ឲ្យដឹងដែរថា មន្ត្រីនគរបាលយុត្តិធម៌ កោះហៅលោក K01 ឲ្យចូលបំភ្លឺជាធម្មតា តាមបញ្ជារបស់ព្រះរាជអាជ្ញាខេត្តកណ្ដាល ជុំវិញការផ្សាយផ្ទាល់លើហ្វេសប៊ុក (Live) ពីករណីអនុវត្តន៍សាលាដីការុសរើផ្ទះប្រជាពលរដ្ឋ៣គ្រួសារ នៅស្រុកស្អាង ខេត្តកណ្ដាល កាលពីដើមខែកញ្ញានេះ៕

