
David Villa បានទទួលការកោះហៅឲ្យចូលជម្រើសជាតិអេស្ប៉ាញវិញហើយ ក្រោយខកខានអស់រយៈពេល៣ឆ្នាំហើយមិត្តរួមក្រុម Alvaro Morata រីករាយនឹងផ្ដល់អាវលេខ៧ទៅ Villa និងបង្ហាញការសាទរដែលកីឡាករវ័យ៣៥ឆ្នាំបានជួយជម្រើសជាតិម្ដងទៀត។
Villa គឺជាកីឡាកររកគ្រាប់បាល់ឲ្យជម្រើសជាតិអេស្ប៉ាញបានច្រើនជាងគេបំផុត ជាមួយនឹង៥៩គ្រាប់ ប៉ុន្តែមិនបានបង្ហាញខ្លួនក្នុងជម្រើសជាតិចាប់តាំងពីររដូវកាល World Cup2014។ បន្ទាប់ពីទទួលបានការកោះហៅពីគ្រូបង្វឹកអេស្ប៉ាញលោក Julen Lopetegui សម្រាប់ការប្រកួតជម្រុះ World Cup ជាមួយអ៊ីតាលីនិងលិចធិនស្តែនក្នុងអាទិត្យក្រោយ Morata ដែលបច្ចុប្បន្នពាក់អាវលេខ៧ បានបង្ហាញការរីករាយដោយប្រគល់អាវនេះទៅឲ្យម្ចាស់ដើមវិញ សម្រាប់ជាកាដូដល់ម្ចាស់គ្រាប់បាល់ច្រើនជាងគេ។
កីឡាករវ័យ៣៥ឆ្នាំ នឹងពាក់លេខដែលខ្លួនស្រឡាញ់បំផុតវិញ សម្រាប់ជម្រើសជាតិ ខណៈលេខនេះរូបគេធ្លាប់ជួយអេស្ប៉ាញឈ្នះ European Championship និង World Cup។ Morata បានពាក់អាវនេះ២ឆ្នាំមកហើយបន្ទាប់ពី Villa ចូលនិវត្តន៍ពីក្រុមជម្រើសជាតិប្ដូរទៅលេងនៅ New York City FC។ កីឡាករវ័យ២៤ឆ្នាំរកគ្រាប់បាល់បាន៩គ្រាប់ហើយក្នុងចូលលេង២០ប្រកួត៕
