
ភ្នំពេញៈ ក្រោយពីអាជ្ញាធរខណ្ឌដូនពេញ ធ្វើការបោសសម្អាតរថយន្ត ដែលដាក់តាំងលក់លើទ្រូងផ្លូវលេខ១០៨ (ម្ដុំទីលានប្រជាធិបតេយ្យចាស់) រួចរាល់ហើយនោះ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរ ពិសេសអ្នករស់នៅជិតខាងមានការរិះគន់យ៉ាងខ្លាំងចំពោះភោជនីយដ្ឋាន (សេវេនប្រាយឃីង) បាននឹងកំពុងរំលោភចំណីផ្លូវទាំងស្រុងតែម្តង ដោយអនុញ្ញាតឲ្យភ្ញៀវដែលចូលហូបក្នុងហាង មកឈប់ចតរថយន្តនៅកណ្តាលផ្លូវ មិនខ្វល់ពីអ្នកណាសោះ។
ប្រជាពលរដ្ឋរស់នៅជិតខាងនោះ បានឲ្យដឹងថា ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ គាត់ឃើញរថយន្ត ដែលឈប់ចតនៅកណ្តាលទ្រូងផ្លូវមួយគ្រឿងនៅខាងមុងភោជនីយដ្ឋាន(សេវេនប្រាយឃីង)ដែលមានទីតាំងនៅផ្លូវលេខ១០៨ ស្ថិតខាងកើតស្ពាននាគក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញនោះម៉ាកPRADO ពណ៌សំបកឪឡឹកពាក់ស្លាកលេខរដ្ឋ២៥(២.០២ ០២)។
ប្រជាពលរដ្ឋ បានបន្តថា សព្វថ្ងៃនេះ បើទោះបីអាជ្ញាធរខណ្ឌដូនពេញ លោកបានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយបានល្អប្រសើរនៅផ្លូវបណ្តោយផ្លូវលេខ១០៦ និង១០៨នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេរិះគន់នោះ គឺនៅហាងភោជនីយដ្ឋានយីហោ “សេវេនប្រាយឃីង” នោះ គឺជារៀងរាល់ថ្ងៃភ្ញៀវ ដែលចូលហាងនេះ ជិះរថយន្តទំនើបមកឈប់ចតលើទ្រូងផ្លូវ២ ឬ៣ជួរពេញកណ្តាលឲ្លូវតែម្តង មិនខ្វល់ពីការកកស្ទះចរាចរណ៍ដល់អ្នកដំណើរឡើយ នោះមកពីម្ចាស់ភោជនីដ្ឋានបានបញ្ជាឲ្យសន្តិសុខហាង២ទៅ៣នាក់ចាំសម្រួលរថយន្ត និងអនុញ្ញាតឲ្យភ្ញៀវមកឈប់រថយន្តពេញតែផ្លូវបែបនេះ។
ជាមួយនឹងការឈប់ចតគ្មានសណ្តាប់ធ្នាប់របស់ហាង “សេវេនប្រាយឃីង”នោះដែរ ប្រជាពលរដ្ឋអ្នកដំណើរក៏ដូចជាអ្នករស់នៅជិតខាង ដែលកំពុងតែសាទរនឹងលោកអភិបាលខណ្ឌដូនពេញ បានលប់បំបាត់ចំណតឡានគួកជេគ្រប់ប្រភេទនោះអស់ហើយដូច្នេះ ពួកគាត់ក៏បានស្នើសុំឲ្យអាជ្ញាធរខណ្ឌដូនពេញ គួរតែងាកមកមើលហាងខាងលើនេះផង កុំបណ្ដោយឲ្យភ្ញៀវឈប់ឡានពេញទ្រូងផ្លូវទៀត ពិបាកភ្នែកមើលណាស់ ម៉្យាងបើសិនទុកយូរៗទៅ អាចប៉ះពាល់ដល់មុខមាត់ខណ្ឌដូនពេញ ពិសេសគឺលោកអភិបាលខណ្ឌតែម្ដង៕


