
ថៃៈ ពលរដ្ឋខ្មែរ២នាក់ ត្រូវបានពលរដ្ឋថៃបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចមាន់ ស្ថិតក្នុងភូមិរ៉ាសុភី ឃុំខ្លងហាត ស្រុកខ្លងហាន ខេត្តស្រះកែវ។
ជនរងគ្រោះ ទីឈ្មោះ ស្រី ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទី២ ឈ្មោះ រឿមរឹម ហៅងោល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័ន។

បើតាមមន្រ្តីនគរបាលប៉ុស្តិ៍គីឡូ៩ បានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ គាត់ទទួលបានព័ត៌មានពីទាហានប្រចាំការនៅចំណុចភូមិអូរល្វា ឈ្មោះ ឡាក់ ឌី ថា មានប្រជាពលរដ្ឋខ្មែរ បានទៅលួចមាន់របស់ប្រជាពលរដ្ឋថៃ ត្រូវប្រជាពលរដ្ឋថៃ បាញ់ឲ្យរងរបួសធ្ងន់។

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ បានចុះដល់ចំណុចភូមិអូរល្វា ឃុំជ្រៃសីម៉ា ហើយក៏បានសាកសួរឈ្មោះ ម៉ៅ ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ បានប្រាប់ថា គាត់បានដើរមកពីបេះម្ទេសឲ្យថៅកែថៃ លុះដល់ពេលត្រឡប់មកវិញ ដល់ចំណុចខាងលើ គាត់ក៏ប្រទះឃើញជនរងគ្រោះទាំងពីរ រួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងសមត្ថកិច្ច បានទំនាក់ទំនងទៅភាគីថៃ ក៏បានទទួលព័ត៌មានថា ជនរងគ្រោះទាំង២នាក់ ត្រូវបានទាហានថៃ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកខ្លងហាត ប្រទេសថៃ៕








