Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានអះអាងខ្លួនជាឧត្ដមសេនីយ៍ បានព្យាយាមបើករថយន្តរត់ ប៉ុន្តែត្រូវសមត្ថកិច្ចចំនួន២ខណ្ឌ សហការគ្នាចាប់បាន ក្រោយឧត្តមសេនីយ៍រូបនេះ បង្កហិង្សាលើសន្តិសុខរោងចក្រម្នាក់ បណ្ដាលឲ្យរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០៥​នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យ​ដឹងថា បុរសជាឧត្ដមសេនីយ៍ខាងលើ បានប្រើអំពើហិង្សាលើ​សន្តិសុខ ដែលជាអ្នកយាមរោងចក្រមួយកន្លែងមានឈ្មោះ Sportex  និងបានយកស្ពាយបាញ់ចូលភ្នែកសន្តិសុខរូបនោះទៀត បណ្តាលឲ្យ​សន្តិសុខរូបនោះរងរបួស ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យធ្វើការព្យាបាល​ភ្លាមៗតែម្តង ហើយឧត្តមសេនីយ៍រូបនោះ ក៏បានព្យាយាមបើករថយន្តរត់គេចខ្លួន តាំងពីខណ្ឌឫស្សីកែវ រហូតចូលមកដល់ខណ្ឌព្រែកព្នៅ ក៏សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយ​សមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់បានទាំងរថយន្ត ទាំងមនុស្ស។

ប្រភពពីសមត្ថកិច្ច ដែលស្ថិតក្នុងហេតុការណ៍ បានឲ្យដឹងថា នៅពេលដែលឃាត់រថយន្តខាងលើ អ្នកបើកបររថយន្ត បានចុះមក ហើយបានអួតខ្លួនប្រាប់សមត្ថកិច្ចថា គាត់ គឺជាឧត្តមសេនីយ៍ ហើយបានប្រើពាក្យមិនសមគួរដាក់​សមត្ថកិច្ចទៀតផង​។

ដោយឡែក បុរសដែលអះអាងថាខ្លួនជាឧត្តមសេនីយ៍ បានរៀបរាប់​ថា មុនពេលកើតហេតុ រូបគាត់​ បានបើករថយន្តម៉ាក ឡិចស៊ីស LX 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF- 6181 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេល​កំពុងតែធ្វើដំណើរ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បើកបរ​បញ្ច្រាសទិសគ្នា បានបើកចូលមកផ្លូវរបស់គាត់​ ដោយមិនស៊ីញូ  និង​ឈប់កាក់មុខ​រថយន្តគាត់​ទៀត  ពេលនោះគាត់​ក៏បានដើរទៅសួរអ្នកបើកបររថយន្ត កុងទឺន័រថា តើប្អូនមានប័ណ្ណបើកបរដែរ ឬក៏អត់  ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ឆ្លើយថា គាត់មាន។ គាត់ (ឧត្តមសេនីយ៍) បន្តសួរទៀតថា បើប្អូនមានប័ណ្ណបើកបរ តើប័ណ្ណនោះធ្វើត្រូវ ឬក៏ខុស បើផ្លូវនៅខាងនោះ ហើយ​ប្អូនបើកបត់ចូលមកផ្លូវរបស់គេ​។​

បុរសខាងលើ បាន​បន្ថែមទៀតថា ខណៈពេលកំពុងជជែកគ្នា​ អ្នកបើកបររថយន្តកុងតឺន័រ ​បានដើរចូលទៅរោងចក្រ​ Sportex ភ្លាមៗនោះ លោកក៏បានដើរតាម ហើយហៅអ្នកបើកបររថយន្ត កុងតឺន័រ ឲ្យត្រឡប់មកនិយាយគ្នាវិញ រំពេចនោះ ក៏មានប្រធានសន្តិសុខម្នាក់ ក្នុងរោងចក្រ បានហៅឲ្យ​សន្តិសុខ ដែលយាមទ្វារឲ្យ​បិទទ្វាររោងចក្រ ដើម្បីឃាត់រូបគាត់ តែគាត់ក៏បានដើរ ទៅរុញសន្តិសុខ ដែលជាអ្នកយាមទ្វារនោះចេញ ដើម្បីកុំសនិ្តសុខឲ្យ​បិទទ្វារ ហើយគាត់​ក៏បានទូរស័ព្ទទាក់ទងទៅខាងសមត្ថកិច្ចឲ្យមក​អន្តរាគមន៍ ពេលសមត្ថកិច្ចចុះមកដល់ សមត្ថកិច្ចក៏បានឲ្យ​គាត់ចាកចេញពីកន្លែងកើតហេតុតែម្តង។

បុរសខាងលើ បាន​ប្រាប់ទៀតថា ក្នុងរឿងនេះដែរ គឺរូបលោកមិនបានបើករថយន្តរត់គេចនោះទេ គឺរូបលោកបានបើករថយន្តមកតាមផ្លូវធម្មតាតែប៉ុណ្ណោះ​។​

ជុំវិញរឿងនេះដែរ បច្ចុប្បន្នបុរស ដែលអះអាងខ្លួនថា ជាឧត្តមសេនីយ៍នោះ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ប្រគល់ឲ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវវិញ ហើយសមត្ថកិច្ចក៏ឃាត់ទាំងរថយន្ត និងមនុស្ស ដើម្បីសួរនាំ ហើយ​រង់ចាំភាគីសន្តិសុខ ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor