
អ្នកវិភាគព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា ប្រសិនបើមានការប្រឈមមុខដាក់គ្នា នៅលើឧបទ្វីបកូរ៉េ ផ្ទុះឡើង វានឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទៅលើទីក្រុងសេអ៊ូល និងតូក្យូ ដែលអាចសម្លាប់មនុស្សជាច្រើនលាននាក់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

និពន្ធនាយកអាមេរិកលោក Michael J. Zugarek បានសរសេរការសន្និដ្ឋាន នៅថ្ងៃទី០៤ ខែតុលា ថាផលិតផលសព្វាវុធរបស់កូរ៉េខាងជើង នាពេលបច្ចុប្បន្ន ផលិតបានកាំជ្រួចសេរីថ្មីទម្ងន់ ២៥០គីឡូតោន ដែលបានបំផ្ទុះលើទីក្រុងទាំងពីរនេះ អាចបណ្ដាឲ្យមនុស្សស្លាប់ ២.១លាននាក់ និងរងរបួសប្រមាណ ៧.៧ លាននាក់ផងដែរ។

លោកបន្ថែមទៀតថា ទីក្រុងព្យុងយ៉ាង មានអាវុធនុយក្លេអ៊ែរចំនួន ២៥គ្រាប់ ។ទន្ទឹមនឹងនេះ អ្នកឯកទេសអាវុធនុយក្លេអ៊ែរអាមេរិកលោក Siegfried Hecker មកពីសាកលវិទ្យាល័យស្ទែនហ្វដ បានប៉ាន់ស្មានថា ក្បាលគ្រាប់នុយក្លេអ៊ែរចាប់ពី០៦ ទៅ០៧គ្រាប់ បានបញ្ជូនទៅឃ្លាំងសម្ងាត់របស់ក្រុងព្យុងយ៉ាង ក្នុងមួយឆ្នាំៗ៕
