
រតនគិរីៈ ស្រីស្រស់ម្នាក់ បែកគំនិតប្លន់ម៉ូតូឌុប ដោយជួលតម្លៃ៣ម៉ឺនរៀល ឌុបចេញពីក្រុងបានលុង ឆ្ពោះទៅស្រុកវើនសៃ ដល់កន្លែងផ្លូវស្ងាត់ ក៏ធ្វើសកម្មភាពយកកាំបិតចុងស្រួចចេញពីកាបូបស្ពាយ ចាក់កញ្ជឹងកជនរងគ្រោះពីក្រោយ ហូរឈាមស្រោចពេញខ្លួន ហើយព្យាយាមរត់ឲ្យគេជួយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ១ខ្សែ ស្ថិតនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុ នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រងរបួសធ្ងន់ធ្ងរ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-4715 ។ ចំណែកនារីសង្ស័យឈ្មោះ ផាន់ សុីណា អាយុ២០ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលដដែលបានបន្តថា មុនកើតហេតុ នារីសង្ស័យបានជួលម៉ូតូឌុបជិះពីក្រុងបានលុង ឆ្ពោះទៅស្រុកវើនសៃ ក្នុងតម្លៃ៣មុឺនរៀល។ លុះមកដល់កន្លែងស្ងាត់ នារីសង្ស័យក៏ឲ្យឈប់ម៉ូតូ ដោយប្រាប់ថាចុះបត់ជើងតូច។ ភ្លាមនោះនារីសង្ស័យក៏ដកកូនកាំបិតចុងស្រួចចេញពីកាបូបស្ពាយ ធ្វើសកម្មភាពចាក់ចំកញ្ចឹងករពីក្រោយ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ តែមិនបានសម្រេច ហើយជនរងគ្រោះក៏ព្យាយាមជិះម៉ូតូរត់បានចម្ងាយប្រហែល១៦គីឡូ ដោយឈាមហូច្រើនពេក ក៏ឈប់ហើយពឹងឲ្យគេជួយហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង។
ក្រោយកើតហេតុ កម្លាំងនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ ចុះស្រាវជ្រាវ រហូតដល់ម៉ោង៣ និង៣០នាទីថ្ងៃខែដដែល ក៏ឈានទៅឃាត់ខ្លួននារីសង្ស័យនៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ ដោយក្នុងនោះ សមត្ថកិច្ចបានដកហូត កូនកាំបិតចុងស្រួច១ ដែលនារីសង្ស័យយកធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងអធិការនគរបាលស្រុកវើនសៃ កំពុងកសាងសំណុំរឿង បញ្ជូននារីសង្ស័យខាងលើទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕





